នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់បន្ទប់ជួលលួចយកសម្ភារៈនិងលុយកាក់

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី ០៩ខែវិច្ឆិកាឆ្នាំ២០២៦ នេះថា មានករណីអំពើលួចឆ្កឹះសោរចូលលួចទ្រព្យសម្បត្តិ មួយករណីបានកើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០១និង ៣០នាទីរំលងអាធ្រាត កើតឡើងនៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តឿង ទិត្យ ហៅបឿក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

ជួនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងលួចនៅក្នុងមូលដ្ឋានបានធ្វើសកម្មភាពឆ្កិះសោរបន្ទប់ជួលរបស់ជនរងគ្រោះឈ្មោះ ប៊ូ យុ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ចូលរុះរើទ្រព្យសម្បត្តិក្នុងបន្ទប់បាត់អស់លុយសន្សំក្នុងកូនជ្រូកដីប្រហែល១,០០០,០០០៛(មួយលានរៀល) , ចិញ្ជៀន០១វង់(កាឡៃ)តម្លៃ៦០,០០០៛(ប្រាំមួយម៉ឺនរៀល) និងនាឡិកាចំនួន០១គ្រឿងតម្លៃ ២០០,០០០៛(ម្ភៃម៉ឺនរៀល) ក្នុងពេលដែលជនរងគ្រោះនិងក្រុមគ្រួសារចេញទៅធ្វើការរោងចក្រវេនយប់ពុំបាននៅបន្ទប់ជួល ក្រោយពេលធ្វើសកម្មភាពបានសម្រេចជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់តែម្តង ។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ , សម្របសម្រួលនីតិវិធីពីលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី រហូតដល់នៅថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៨និង ០០ នាទី ទើបកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់បានសង្ស័យឈ្មោះ តឿង ទិត្យ ហៅបឿក ភេទប្រុស អាយុ ២៧ឆ្នាំ និងដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។

បច្ចុប្បន្នជួនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីបន្តនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print