ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោកក្បាលនឹងបង្គោលថ្មយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារសាមផាន់ និងមានស្រុកកំណើតនៅខេត្តរតនគិរី។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-9933 ធ្វើដំណើរតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើង ដោយប្រើប្រាស់ល្បឿនលឿន លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់តែម៉ូតូបានរេចង្កូតជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួល ហើយជនរងគ្រោះបានបោកក្បាលនឹងបង្គោលថ្មយ៉ាងខ្លាំង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានប្រទះឃើញ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យ និងដោះស្រាយករណីនេះ ទេីបសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ










