បញ្ចូនពលរដ្ឋថៃ ៣៩នាក់ ចេញពីកម្ពុជា និងទទួលពលរដ្ឋខ្មែរ ៥៣នាក់ ត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទី លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្ដីទី (តំណាងលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍) បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋាន ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួន បានរៀបចំធ្វើការបញ្ជូនពលរដ្ឋថៃសរុបចំនួន ៣៩នាក់ (ស្រី ១៦នាក់) ចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគាត់បានអនុវត្តទោសចប់ ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា។

នេះបើតាមអនុវត្តតាមប្រសាសន៍ណែនាំរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ,ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ កម្លាំងសមត្ថកិច្ចជំនាញបានបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការគ្រប់គ្រងជនបរទេស និងការសម្រួលសង្គ្រោះពលរដ្ឋខ្មែរ។

នៅក្នុងវេលាជាមួយគ្នានោះដែរ អាជ្ញាធរកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ ត្រឡប់មកពីភាគីអាជ្ញាធរថៃវិញសរុបចំនួន ៥៣នាក់ (ក្នុងនោះស្រី ៨នាក់ និងកុមារ ៥នាក់)។ ក្នុងកាយវិការយកចិត្តទុក ដាក់ អាជ្ញាធរប្រចាំប៉ុស្តិ៍បានចែកជូនអាហារសម្រន់ រួមមានបាយ និងទឹកសុទ្ធ ដល់ពលរដ្ឋខ្មែរទាំងអស់ពិសារគ្រប់ៗគ្នា។

ក្រោយពីបានធ្វើការអប់រំណែនាំ និងធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាពរួចរាល់ ខាងភាគីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បានជួយដឹកជញ្ជូនពលរដ្ឋខ្មែរទាំង ៥៣នាក់ យកទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តអនុវត្តនីតិវិធីសមាហរណកម្ម និងជួយពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print