ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បើកការស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានចំនួន ០៣ករណី ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបករណីអំពើលួចចំនួន ០២ករណី រួមមាន ករណីលួចម៉ូតូសណ្តោងរ៉ឺម៉ក និងសម្ភារ និងករណីលួចធុងហ្គាសម៉ាស៊ីនត្រជាក់ ព្រមទាំងបង្ក្រាបករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ក្នុងគោលបំណងជំរិតទារប្រាក់ និងករណីកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសទាំង ០៣ករណី សរុបចំនួន ០៩នាក់ ក្នុងនោះរួមមានជនជាតិខ្មែរ និងជនជាតិចិន ។
ចំពោះករណីចាប់បង្ខាំងជំរិតទារប្រាក់ សមត្ថកិច្ចបានរំដោះជនរងគ្រោះជនជាតិចិនម្នាក់ និងដកហូតបានប្រាក់ចំនួន ៥០០ដុល្លារអាមេរិក និងទូរស័ព្ទដៃមួយ ចំនួនដែលពាក់ព័ន្ធ ។ ចំណែកវត្ថុតាងដែលដកហូតបានពីប្រតិបត្តិការទាំងនេះ រួមមាន ម៉ូតូសណ្តោងរ៉ឺម៉ក ធុងហ្គាសម៉ាស៊ីនត្រជាក់ ឧបករណ៍ជាង និងទូរស័ព្ទដៃជាច្រើនគ្រឿង អាវុធខ្លីចំនួន ០១ដើម គ្រាប់កាំភ្លើងប្រភេទ ៩មីលីម៉ែត្រ ចំនួន ០៧គ្រាប់ រថយន្តចំនួន ០១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។
ដោយឡែក ក្នុងចំណោមមនុស្សចំនួន ១៤នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីចាប់បង្ខាំងជំរិតទារប្រាក់ ក្រោយពីការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន ០៦នាក់ មានជាប់ពាក់ព័ន្ធនឹងករណីខាងលើ ។ ចំណែកមនុស្សចំនួន ០៨នាក់ទៀត ពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស ត្រូវបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានា ឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានការឯកភាពពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសទាំង នេះ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










