កីឡាការិនីហែលទឹកអាហ្វ្រិកខាងត្បូង Tatjana Smith ដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកចំនួន ២ គ្រឿង បានសម្រេចប្តូរសញ្ជាតិកីឡាទៅប្រកួតតំណាងឱ្យប្រទេសហូឡង់។ កីឡាការិនីវ័យ ២៩ ឆ្នាំរូបនេះបានប្រកាសកាលពីថ្ងៃអង្គារ ដោយលើកឡើងពីដើមកំណើតគ្រួសារហូឡង់ និងឱកាសទទួលបានការគាំទ្រកម្រិតខ្ពស់សម្រាប់អត្តពលិក។
Smith ត្រូវបានចាត់ទុកជាកីឡាការិនីអូឡាំពិកដែលទទួលបានមេដាយច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់អាហ្វ្រិកខាងត្បូង។ នាងបានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០២៤ ប៉ុន្តែបានសម្រេចត្រឡប់មកប្រកួតវិញនៅដើមឆ្នាំនេះ ដោយមានគោលដៅចូលរួមព្រឹត្តិការណ៍អូឡាំពិក Los Angeles 2028។
នៅក្នុងសារជាវីដេអូដែលបង្ហោះលើបណ្តាញសង្គមទាំងទឹកភ្នែក Smith បាននិយាយថា ក្តីសុបិនដ៏ធំបំផុតរបស់នាងតាំងពីនៅក្មេង គឺការតំណាងឱ្យប្រទេសកំណើតក្នុងព្រឹត្តិការណ៍អូឡាំពិក។ នាងបានបញ្ជាក់ថា ក្តីសុបិននោះបានក្លាយជាការពិត ហើយបានផ្តល់បទពិសោធន៍ និងអ្វីៗជាច្រើនលើសពីការរំពឹងទុករបស់នាង។
Smith ដែលមានសញ្ជាតិពីរ គឺអាហ្វ្រិកខាងត្បូង និងហូឡង់ ធ្លាប់ឈ្នះមេដាយមាសវិញ្ញាសាហែលទឹកកង្កែបចម្ងាយ ២០០ ម៉ែត្រ នៅកីឡាអូឡាំពិក Tokyo និងមេដាយមាសវិញ្ញាសា ១០០ ម៉ែត្រ នៅកីឡាអូឡាំពិក Paris។ លើសពីនេះ នាងក៏ធ្លាប់ឈ្នះមេដាយប្រាក់អូឡាំពិកចំនួន ២ គ្រឿងផងដែរ។
កីឡាការិនីរូបនេះធ្លាប់បង្ហើបថា បញ្ហាហិរញ្ញវត្ថុបានធ្វើឱ្យការបន្តអាជីពហែលទឹករបស់នាងមានការលំបាក។ នាងបានពន្យល់ថា ការផ្លាស់ប្តូរនេះនឹងផ្តល់ឱកាសឱ្យនាងស្វែងយល់ពីអត្តសញ្ញាណ និងមរតកវប្បធម៌ហូឡង់របស់ខ្លួន ព្រមទាំងទទួលបានការគាំទ្រផ្នែកកីឡាកម្រិតខ្ពស់ និងលទ្ធភាពកសាងអាជីពឱ្យមាននិរន្តរភាពជាងមុន៕










