ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជា នឹងបង្ហាញអន្តរជាតិថា កម្ពុជាគឺជាប្រទេសតែងតែគោរពច្បាប់អន្តរជាតិ ត្រូវការសន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងនោះរួមទាំងជម្លោះព្រំដែនខ្មែរ-ថៃ

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជា បានសម្រេចដាក់បញ្ជូនមូល​បទសំខាន់ៗចំនួន៣ ទៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។មូល​បទនោះ គឺផ្តោតលើ «ការរួមគ្នាបន្តកសាង សន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែង»។​ ការសម្រេចដាក់បញ្ជូនមូល​បទនេះ គឺប្រទេសកម្ពុជា ចង់ប្រាប់មិត្តអន្តរជាតិថា កម្ពុជា គឺជាប្រទេសតែងតែគោរពច្បាប់អន្តរជាតិ ត្រូវការសន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងនោះរួមទាំងជម្លោះព្រំដែនខ្មែរ-ថៃ។

លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន ​បានថ្លែង​​ក្នុង​បទសម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ជាតិកម្ពុជា ​បានអះអាងថា មូល​បទសំខាន់ៗចំនួន៣ ដែលកម្ពុជាដាក់ស្នើនោះ គឺត្រូវបានសមាជិកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គាំទ្រនិងទទួលយកដាក់បញ្ជូនទៅក្នុងកិច្ចប្រជុំ ហើយក្នុងមូលបទនេះ គឺមានគុណតម្លៃធំៗចំនួន៣ គឺសន្តិភាព វិបុលភាព និងស្ថេរភាព។

លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ បានថ្លែង​ថា​ តាមរយៈមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺកម្ពុជាចង់ចែករំលែកទៅកាន់មិត្តអន្តរជាតិពីប្រវត្តិសាស្ត្រដ៏លំបាក​លំបិនរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមរាប់រយឆ្នាំ និងបទពិសោធន៍ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកថែរក្សាសន្តិភាព។​ សម្រាប់លោក ប្រាក់ សុខុន កម្ពុជា តែប្រកាន់ជំហរជាប្រទេសតែងតែគោរពច្បាប់អន្តរជាតិ ត្រូវការសន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងនោះរួមទាំងជម្លោះព្រំដែនខ្មែរ-ថៃ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់១៦ វិច្ឆិកានេះ ដោយមានប្រទេសជាសមាជិកចំនួន ៧៩ ប្រទេសនឹងចូលរួមជាមួយនឹងប្រតិភូសរុបប្រមាណ ១ពាន់នាក់។ក្នុងនោះមានប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល ចំនួន២០ នឹងមកចូលរួម ហើយថ្នាក់ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី និងអនុរដ្ឋមន្រ្ដីចំនួន ២៦ ដែលជាប្រធានគណៈប្រតិភូនឹងមកចូលរួមផងដែរ។

...

មុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចូលមកដល់ រាជរដ្ឋាភិបាលថៃ​ បានចេញសារព្រមានកម្ពុជា កុំឱ្យលើកយករឿងព្រំដែនខ្មែរ-ថៃ ដាក់ចូលក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយឱ្យកម្ពុជា គួរចៀសវាងការនាំយកភាពតានតឹងទ្វេភាគីចូលទៅក្នុងការពិភាក្សា ដោយសារជម្លោះនេះស្ថិតនៅក្រៅវិសាលភាពនៃកិច្ចប្រជុំកំពូលនេះ។​ តែសម្រាប់ជំនាញ មើលឃើញថា រាជរដ្ឋាភិបាលថៃ កំពុងបារម្ភពីកិច្ចប្រជុំដ៏ធំនេះ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print