ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ និងវិទ្យាស្ថានជាតិការងារ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីការត្រៀមខ្លួនឆ្លើយតបនឹងភាពតានតឹងដោយកម្តៅនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្របពេលនៃការវិវត្តបាតុភូតអែលនីញ៉ូ (El Niño) ក្រោមអធិបតីភាពលោក ខេម ប៊ុនឈាន អគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចការងារ តាមប្រព័ន្ធនិម្មិត Zoom ដោយមានការចូលរួមពីតំណាងនិយោជក តំណាងកម្មករនិយោជិត សហជីព តំណាងអង្គការក្រៅរដ្ឋាភិបាល គ្រូពេទ្យសហគ្រាស បុគ្គលិកទទួលបន្ទុកសុវត្ថិភាពនិងសុខភាពការងារ ព្រមទាំងអ្នកពាក់ព័ន្ធប្រមាណ១,០០០នាក់ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
កម្មវិធីផ្សព្វផ្សាយដ៏សំខាន់នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃភាពតានតឹងដោយកម្តៅ ព្រមទាំងចែករំលែកចំណេះដឹង បទពិសោធ និងវិធានការបច្ចេកទេសសម្រាប់ការត្រៀមឆ្លើយតបនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជាពិសេសផ្តោតលើការការពារសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតជាអាទិភាព។
លោក ខេម ប៊ុនឈាន បានគូសបញ្ជាក់ថា ការកើនឡើងកម្តៅ និងការប្រែប្រួលអាកាសធាតុកំពុងក្លាយជាបញ្ហាប្រឈមដ៏សំខាន់ចំពោះសុខភាព សុវត្ថិភាព សមត្ថភាពការងារ និងផលិតភាពរបស់កម្មករនិយោជិត។ ភាពតានតឹងដោយសារកម្តៅមិនត្រឹមតែបង្កឱ្យមានបញ្ហាសុខភាព ដូចជាការអស់កម្លាំងដោយសារកម្តៅ និងជំងឺធ្ងន់ធ្ងរពាក់ព័ន្ធនឹងកម្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនហានិភ័យគ្រោះថ្នាក់ការងារ និងប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រផងដែរ។
លោកអគ្គនាយកបានបន្តថា ការគ្រប់គ្រងភាពតានតឹងដោយសារកម្ដៅ ត្រូវផ្អែកលើការវាយតម្លៃលក្ខខណ្ឌការងារជាក់ស្តែង ទាំងក្នុងអគារ និងក្រៅអគារ ដោយពិចារណាលើសីតុណ្ហភាពខ្យល់ រំហូរខ្យល់ សំណើម ប្រភពកម្តៅដែលសាយភាយពីគ្រឿងម៉ាស៊ីន និងដំណើការការងារ បន្ទុកការងារ និងរយៈពេលនៃការប្រឈមជាមួយកម្ដៅ។ ដូច្នេះសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវត្រៀមវិធានការបង្ការទុកជាមុន រួមមាន៖ ការកែលម្អប្រព័ន្ធខ្យល់ចេញចូល ការកាត់បន្ថយកម្តៅនៅប្រភព ការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ ការរៀបចំពេលសម្រាកឱ្យសមស្រប ការបណ្តុះបណ្តាល និងការត្រៀមសង្គ្រោះបឋម។
លោកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រសួងការងារក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការពិនិត្យកែលម្អលិខិតបទដ្ឋានគតិយុត្ត ការផ្សព្វផ្សាយការយល់ដឹង ការពង្រឹងអធិការកិច្ចការងារ និងការសាកល្បងប្រព័ន្ធតាមដានបរិយាកាសនៅកន្លែងធ្វើការ ដោយផ្ដោតលើប៉ារ៉ាម៉ែត្រសំខាន់ៗ ដូចជា សីតុណ្ហភាពនិងសំណើម និងកម្រិតឧស្ម័នកាបូនឌីអុកស៊ីតនៅតាមរោងចក្រចំនួន១០ ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៣ ដើម្បីគាំទ្រដល់ការវាយតម្លៃហានិភ័យ និងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ក្នុងអគារផលិតកម្ម និងកំណត់វិធានការបង្ការឱ្យបានសមស្រប។
យ៉ាងណាមិញ លោកបានលើកទឹកចិត្តដល់តំណាងនិយោជក សមាគមនិយោជក សហជីព អង្គភាពជំនាញ កម្មករនិយោជិត ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត សូមបន្តសហការគ្នាពង្រឹងការយល់ដឹង និងអនុវត្តវិធានការគ្រប់គ្រងហានិភ័យកម្តៅប្រកបដោយស្មារតីប្រុងប្រយ័ត្ន ដោយផ្តោតលើការការពារសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតជាអាទិភាព៕
ដោយ៖តារា










