ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងពង្រឹងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញមកទស្សនកិច្ច លេងកម្សាន្តនៅទឹកដីខេត្តមណ្ឌលគិរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុងស្រុកទាំងប្រាំ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ។
សូមបញ្ជាក់ជូនផងដែរថា រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅទំនប់សែនសុខដុម ទីរួមខេត្តមណ្ឌលគិរី ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ ដែលជាប្រពៃណីជាតិ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី












