សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក (US Soccer) បានសម្រេចដកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៧ ឆ្នាំ (U-17) បុរស ចេញពីព្រឹត្តិការណ៍ FIFA U-17 World Cup នៅប្រទេសកាតា ដោយសារក្តីបារម្ភអំពីសុវត្ថិភាព។
យោងតាមលិខិតដែលសហព័ន្ធបានផ្ញើជូនកីឡាករកាលពីថ្ងៃពុធ និងត្រូវបានសារព័ត៌មាន Reuters ទទួលបាន សហព័ន្ធបានបញ្ជាក់ថា ខ្លួននឹងលុបចោលការប្រមូលផ្តុំហ្វឹកហាត់មុនការប្រកួត ព្រមទាំងការចូលរួមរបស់ក្រុមក្នុងព្រឹត្តិការណ៍នេះ ដោយសារតែ «ស្ថានភាពបច្ចុប្បន្ន»។
ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើការណែនាំធ្វើដំណើរកម្រិតទី៣ (Level 3) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់ប្រទេសកាតា ព្រមទាំងសេចក្តីណែនាំពាក់ព័ន្ធសម្រាប់បុគ្គលិកស្ថានទូត និងក្រុមគ្រួសារ។
ក្នុងលិខិតនោះ US Soccer បានសង្កត់ធ្ងន់ថា៖ «សុខុមាលភាព និងសុវត្ថិភាពរបស់កីឡាករ និងបុគ្គលិក គឺជាអាទិភាពខ្ពស់បំផុតរបស់យើងជានិច្ច»។ សហព័ន្ធក៏បានបញ្ជាក់ថា នឹងជូនដំណឹងដល់ក្លិបរបស់កីឡាករទាំងអស់នៅថ្ងៃពុធដដែល និងស្នើឱ្យពួកគេមិនធ្វើអត្ថាធិប្បាយជាសាធារណៈ រហូតដល់ FIFA ប្រកាសការសម្រេចចិត្តជាផ្លូវការ។
ចំណែក FIFA មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺពី Reuters នៅឡើយទេ។
គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពការណែនាំធ្វើដំណើរទៅកាន់ប្រទេសកាតាកាលពីខែមុន ដោយអំពាវនាវឱ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញមុនធ្វើដំណើរ ដោយសារហានិភ័យនៃជម្លោះប្រដាប់អាវុធ។ ការណែនាំនេះក៏បានលើកឡើងពីការវាយប្រហាររបស់ក្រុម Houthi លើប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។
ព្រឹត្តិការណ៍ FIFA U-17 World Cup ដែលមានក្រុមចូលរួមចំនួន ៤៨ ប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែធ្នូ។ ក្រុមជម្រើសជាតិ U-17 សហរដ្ឋអាមេរិក គ្រោងនឹងប្រកួតបើកឆាកជាមួយម៉ុងតេណេហ្គ្រោ នៅថ្ងៃទី២១ ខែវិច្ឆិកា មុនជួបជាមួយឈីលី និងអាល់ហ្សេរី ក្នុងពូល J។
កាលពីការប្រកួតលើកមុន ដែលធ្វើឡើងនៅប្រទេសកាតាដូចគ្នា សហរដ្ឋអាមេរិកបានឈានដល់វគ្គ ៣២ ក្រុមចុងក្រោយ។ ប្រទេសកាតាក៏ត្រូវបានកំណត់ឱ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៩ ផងដែរ៕










