ភ្នំពេញ៖ រដ្ឋបាលសង្កាត់ចោមចៅទី១ បានចុះប្រមូលជនអនាថា និងអ្នកគ្មានទីជម្រកច្បាស់លាស់ ដែលដើរស្នាក់ អាស្រ័យ ដេក ឬអង្គុយតាមដងផ្លូវសាធារណៈ និងអ្នកអង្គុយសុំប្រាក់តាមភ្លើងស្តុប ដើម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សម្រាប់អប់រំ និងចាត់ចែងបន្ត។
លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបានដឹកនាំគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី១ ចុះប្រតិបត្តិការតាមទីតាំងនានាក្នុងមូលដ្ឋាន ដើម្បីប្រមូលអ្នកគ្មានទីជម្រកច្បាស់លាស់ ដែលស្នាក់នៅតាមដងផ្លូវសាធារណៈ។
លោកចៅសង្កាត់បានបញ្ជាក់ថា ប្រតិបត្តិការនេះមានគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងដោះស្រាយបញ្ហាក្រុមអ្នកគ្មានទីជម្រកដែលស្នាក់នៅតាមដងផ្លូវ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
ជាលទ្ធផល នៃប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានប្រមូលមនុស្សប្រុសស្រីសរុបចំនួន ៣០នាក់ ក្នុងនោះមានស្ត្រីចំនួន ៧នាក់។
ក្រោយពីប្រមូលបាន ក្រុមមនុស្សទាំង៣០នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីទទួលការអប់រំ និងចាត់ចែងបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










