ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសម្ពោធការដ្ឋានជួសជុលផ្លូវ១ខ្សែ លេខ៣៧៨៩ ប្រវែង៣០០០ម៉ែត្រ ពីចំណុចភូមិប៉ាអរ ឃុំកិចុង ស្រុកបកែវ ឆ្ពោះទៅស្រុកអណ្តូងមាស។
លោក ស៊ុន ប៉ូលិន ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី មានប្រសាសន៍ថា ផ្លូវខេត្តលេខ៣៧៨៩នេះតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ប្រវែង៣២ គីឡូម៉ែត្រ ក្នុងចំនួន៣២ គីឡូម៉ែត្រ នេះរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ ថវិកាធ្វើការស្ថាបនាសាងសង់ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់DBDT បានប្រវែង១៤.៧០០ម៉ែត្រការ៉េ ហើយដោយចំណាយថវិកា១៧ពីចំនួន២.១៧៥.៥៣៧.៥០០រៀល។ ដោយឡែកថ្ងៃនេះគឺមន្ទីរសារធារណ:ការខេត្ត បន្តធ្វើ៣០០ម៉ែត្របន្ថែមទៀតតាមជំហានដែលថវិកាជាតិផ្តល់ឲ្យសម្រាប់ឆ្នាំ២០១៦។
លោកប្រធានមន្ទីរបន្តថា ផ្លូវខេត្តលេខ៣៧៨៩ ជាផ្លូវមួយមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងការអភិវឌ្ឃ ក្នុងស្រុកបកែវនិងស្រុកអណ្តូងមាសក៏ដូចសម្រាប់ខេត្តទាំងមូលផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធរូបវត្ថុដ៏ទៃទៀត បាននឹងកំពុងរីកដុះដាលនៅពាសពេញផ្ទៃប្រទេស ដោយសម្តេចចាត់ទុកផ្លូវ ស្ពានជាសសៃឈាមសេដ្ឋកិច្ចជាតិ ហើយមានផ្លូវមានស្ពានគឺមានក្តីសង្ឃឹម។
លោកអភិបាលខេត្ត បានចាត់ទុកផ្លូវខេត្តលេខ៣៧៨៩ បកែវ អណ្តូងមាស ជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសំខាន់ដើម្បីបម្រើឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរខាងលើក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលបានទៅកាន់ទីផ្សារក៏ដូចជាការងាយស្រួលក្នុងការដឹកសម្ភារសំណង់គ្រឿងឧបភោគដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកបកែវនិងស្រុកអណ្តូងមាស។
ដើម្បីឲ្យដំណើរការ ជួសជុលផ្លូវនេះទទួលបានជោគជ័យ លោក ថង សាវុន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយសហការកុំដឹកជញ្ជូន សំពីងសំពោង ជាពិសេសអាជ្ញាធរស្រុកទាំងពីរ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួល រាល់បញ្ហាដែលប៉ះពាល់ដល់ដំណើរការជួសជុលផ្លូវ នេះផងដែរ។ បន្ទាប់ពីការជូនអំណោយអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋចូលរួមជាង១០០នាក់ ម្នាក់ៗទទួលបានក្រម៉ា១ ថវិកា១០ពាន់រៀល និងឧបត្ថម្ភដល់អាជ្ញាធរស្រុកទាំងពីរក្នុង១ស្រុក៤០ម៉ឺនរៀល រួចមក លោក ថង សាវុន ក៏បានបញ្ជាគ្រឿងចក្រជាតិមិត្តរូបនៃការចាប់ផ្តើម ដាក់ឲ្យដំណើរជួសជុលកំណាត់ផ្លូវខេត្តលេខ៣៧៨៩ ប្រវែង៣០០ម៉ែត្រ ទទឹង៧ ក្រាលកៅស៊ូប្រភេទDBST ពីចំណុចភូមិប៉ាអរ ឃុំកិចុង ស្រុកបកែវ ឆ្ពោះទៅកាន់ស្រុកអណ្តូងមាស ចាប់ពីពេលនេះតទៅ ៕
ដោយ៖ វុទ្ធឦសាន