ខេត្តព្រះសីហនុ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលក្នុងនោះមានខ្មែរ និងឥណ្ឌូនេស៊ី ពាក់ព័ន្ធករណីលបចូលលួចដែក និងសម្ភារៈក្នុងអគារឯកជន។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ក្រោមវិធានការម៉ឺងម៉ាត់ និងការយកចិត្តទុកដាក់ខ្ពស់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានចុះប្រតិបត្តិការ បង្ក្រាបបានមួយករណីទៀត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជនជាតិខ្មែរ ១នាក់ និងជនជាតិឥណ្ឌូនេស៊ី ១នាក់ ខណៈធ្វើសកម្មភាពលួចគាស់យកដែក និងសម្ភារៈក្នុងអគារឯកជនគ្មានមនុស្សរស់នៅ។
តាមការបញ្ជាក់ពីសមត្ថកិច្ច កិច្ចប្រតិបត្តិការយ៉ាងសកម្មនេះ ធ្វើឡើងដើម្បីធានាការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងអ្នកវិនិយោគ ក៏ដូចជាទប់ស្កាត់រាល់បទល្មើសលួចឆក់ក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង៕










