ខេត្តកណ្ដាល៖ កុមារម្នាក់អាយុ៨ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវគោយន្តច្រូតស្រូវ១គ្រឿងបើកថយក្រោយកិន ខណៈកុមាររូបនេះកំពុងដើរតាមពីក្រោយគោយន្ត ដើម្បីចាប់ត្រីក្នុងវាលស្រែ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រភពបានឱ្យដឹងថា គោយន្តច្រូតស្រូវម៉ាក YANMAR YH700 ពណ៌ស១គ្រឿង បើកបរដោយបុរសអាយុ ៤១ឆ្នាំ មានទីលំនៅក្នុងភូមិសេកពង ឃុំលំហាច បានបើកច្រូតស្រូវនៅទីតាំងកើតហេតុ។ ស្របពេលនោះ កុមាររងគ្រោះបានដើរតាមពីក្រោយគោយន្ត ដើម្បីចាប់ត្រី។
ប្រភពដដែលបានឱ្យដឹងថា នៅពេលអ្នកបើកបរគោយន្តបើកថយក្រោយ ដោយមិនបានដឹងថាមានកុមារដើរនៅពីក្រោយ ក៏បណ្ដាលឱ្យកិនកុមាររូបនោះស្លាប់នៅនឹងកន្លែងតែម្ដង។ ក្រោយកើតហេតុ អ្នកបើកបរបានគេចខ្លួន។
ក្រោយកើតហេតុ កម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកគោយន្តច្រូតស្រូវ ត្រូវបានកម្លាំងជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










