អ្នកចាំទី Owono ត្រូវពិន័យមិនឲ្យប្រកួត ១២ លើក ក្រោយករណីមរណភាពរបស់ ខ្សែប្រយុទ្ធ De Miguel

ចែករំលែក៖

អ្នកចាំទីក្រុមជម្រើសជាតិអេក្វាទ័រហ្គីណេ Jesus Owono ត្រូវបានគណៈកម្មាធិការវិន័យនៃសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដាក់ពិន័យព្យួរការប្រកួតចំនួន ១២ លើក បន្ទាប់ពីការប៉ះទង្គិចក្នុងការប្រកួតដែលនាំឱ្យខ្សែប្រយុទ្ធក្លិប Tenerife គឺ Jesus de Miguel បាត់បង់ជីវិត។

 

Owono និង De Miguel បានប៉ះទង្គិចគ្នាក្នុងអំឡុងការប្រកួតលីគលំដាប់ទី២ របស់អេស្ប៉ាញ រវាងក្លិប FC Andorra និង Tenerife កាលពីថ្ងៃទី២ ខែវិច្ឆិកា។ ក្រោយហេតុការណ៍នោះ De Miguel ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងផ្នែកថែទាំអ្នកជំងឺធ្ងន់ធ្ងរ ប៉ុន្តែបានទទួលមរណភាពនៅថ្ងៃបន្ទាប់។

 

គណៈកម្មាធិការវិន័យបានបញ្ជាក់ថា Owono បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ តាមមាត្រា ១០២ នៃបទបញ្ជាវិន័យរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ដោយប្រើប្រាស់កម្លាំងហួសហេតុលើគូប្រកួតក្នុងអំឡុងពេលប្រកួត ដែលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។

 

គណៈកម្មាធិការបានសម្រេចដាក់ពិន័យក្នុងកម្រិតអតិបរមា គឺព្យួរការប្រកួតចំនួន ១២ លើក ព្រមទាំងពិន័យជាប្រាក់តាមការកំណត់ក្នុងមាត្រា ៥២ នៃបទបញ្ជាដូចគ្នា។

 

គណៈកម្មាធិការបានបញ្ជាក់ក្នុងសេចក្តីសម្រេចថា៖ «ការពិពណ៌នារបស់អាជ្ញាកណ្តាលអាចបង្ហាញពីភាពធ្ងន់ធ្ងរពិសេសនៃសកម្មភាពនេះ ទាំងរបៀបនៃការបង្កកំហុស ដោយលើកជើងឡើងខ្ពស់ និងកម្លាំងនៃការប៉ះទង្គិច ដែលអាជ្ញាកណ្តាលបានបញ្ជាក់យ៉ាងច្បាស់ថា មានកម្រិតហួសហេតុ»។

 

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «មហាជនបានដឹងជាសាធារណៈរួចហើយថា លទ្ធផលដ៏សោកសៅនៃហេតុការណ៍នេះ គឺការបាត់បង់ជីវិតរបស់ Jesus de Miguel Alameda»។

 

គណៈកម្មាធិការបានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរពិសេសនៃករណីនេះ គឺជាមូលហេតុដែលនាំឱ្យមានការសម្រេចដាក់ពិន័យក្នុងកម្រិតអតិបរមា។

 

Owono វ័យ ២៥ ឆ្នាំ បានសម្រេចដកខ្លួនចេញពីក្រុមជម្រើសជាតិអេក្វាទ័រហ្គីណេ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ Africa Cup of Nations ទល់នឹងហ្ស៊ីមបាវ៉េក្នុងខែនេះ បន្ទាប់ពីមរណភាពរបស់ De Miguel។

 

លោក Carles Manso អ្នកចាត់ការក្លិប FC Andorra បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Owono មិនទាន់សម្រេចចិត្តថា តើរូបគេនឹងវិលត្រឡប់មកប្រកួតបាល់ទាត់វិញឬយ៉ាងណានោះទេ។ លោកបានបន្ថែមថា ក្លិបនឹងផ្តល់ពេលវេលា និងលំហផ្ទាល់ខ្លួនឱ្យអ្នកចាំទីរូបនេះ ដើម្បីធ្វើការសម្រេចចិត្ត។

...

 

កាលពីសប្តាហ៍មុន Owono បាននិយាយថា ខ្លួនកំពុងឆ្លងកាត់ ថ្ងៃដ៏លំបាកបំផុតក្នុងជីវិតរបស់គាត់។ ចំណែកសហព័ន្ធបាល់ទាត់អេក្វាទ័រហ្គីណេ ក៏បានបញ្ជាក់ថា រូបគេកំពុងស្ថិតក្នុងស្ថានភាពសោកសៅ និងទុក្ខព្រួយយ៉ាងខ្លាំងផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print