ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ថ្លែងអំណរគុណចំពោះបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវព្រះរាជហឫទ័យរីករាយ និងចាត់ទុកការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដ៏សំខាន់នេះជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា។ ព្រះអង្គក៏បានសម្តែងការអបអរសាទរចំពោះប្រទេសបារាំង ដែលបានរៀបចំកិច្ចប្រជុំកំពូលលើកមុននៅទីក្រុងវីលែរ-កូតឺរ៉េ (Villers-Cotterêts) និងទីក្រុងប៉ារីស ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មានកម្ពុជា។

 

ក្នុងព្រះរាជសុន្ទរកថាបើកជាផ្លូវការនូវ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ថា៖ «ប្រជាជនកម្ពុជាបានទន្ទឹងរង់ចាំការអញ្ជើញមកដល់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដោយក្តីរីករាយជាខ្លាំង។ នៅថ្ងៃនេះ ប្រជាជនកម្ពុជាលើកដៃទទួលស្វាគមន៍អ្នកទាំងអស់គ្នា ដោយភាពសាមញ្ញ និងភាពកក់ក្តៅអស់ពីដួងចិត្ត»។

 

ព្រះមហាក្សត្របានគូសបញ្ជាក់បន្ថែមអំពីអត្ថន័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាលើកដំបូងនៅកម្ពុជា ដោយមានព្រះរាជបន្ទូលថា «សូមឱ្យកិច្ចប្រជុំនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងដែលកំពុងរៀបចំជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជានេះ ក្លាយជាការជួបប្រសព្វគ្នារវាងភាសាមួយដែលមាននៅគ្រប់ទីកន្លែងនៅលើពិភពលោក ជាមួយនឹងប្រជាជាតិមួយដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន ប៉ុន្តែមិនដែលបោះបង់ចោលវប្បធម៌ ជំនឿសាសនា និងតម្លៃដ៏វិសេសវិសាលដែលខ្លួនស្រឡាញ់បំផុតឡើយ។ នៅក្នុងស្នូលនៃតម្លៃទាំងនេះ រួមមានសេចក្តីមេត្តាករុណា ការគោរពចំពោះអ្នកដទៃ និងការអត់ឱន»។

 

ព្រះករុណា ព្រះមហាក្សត្របានបញ្ជាក់ទៀតថា តម្លៃទាំងនេះអនុញ្ញាតឱ្យយើងស្វែងរកបាននូវភាពសុខដុមរមនារវាងមនុស្សទាំងអស់។

...

 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូមកពីគ្រប់តំបន់ជុំវិញពិភពលោក ចាប់ពីទ្វីបអឺរ៉ុប អាម៉េរិក មជ្ឈិមបូព៌ា មហាសមុទ្រឥណ្ឌា អាស៊ី អាស៊ីប៉ាស៊ីហ្វិក ជាពិសេសគណៈប្រតិភូមកពីទ្វីបអាហ្វ្រិក។ ព្រះអង្គមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមសម្តែងនូវការស្វាគមន៍ជាពិសេស ចំពោះគណៈប្រតិភូមកពីទ្វីបអាហ្វ្រិក ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការបន្ថែមភាពរស់រវើក និងថាមពលវ័យក្មេងដល់ហ្វ្រង់កូហ្វូនី»៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print