អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនបច្ចុប្បន្នភាពព័ត៌មាន និងសង្ខេបជូននូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ !

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនបច្ចុប្បន្នភាពព័ត៌មាន និងសង្ខេបជូននូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

ទី១. កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបើកធ្វើជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានវត្តមានចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងតំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកទាំងអស់ចូលរួម ក្រោមក្រសែភ្នែកតាមដានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រាប់ពាន់នាក់។

សូមបញ្ជាក់ជូនថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF= Organisation Internationale de la Francophonie) មានសមាជិកចំនួន ៩០ ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន ៥៣ សមាជិកបម្រុងចំនួន ៥ និងរដ្ឋសង្កេតការណ៍ចំនួន ៣២ ដែលស្ថិតក្នុងទ្វីបទាំង៦ និងមានអ្នកនិយាយភាសាបារាំងចំនួន ៣២១ លាននាក់។ ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ពេលនេះ បានបង្ហាញពីទំនុកចិត្តមកលើសមត្ថភាពរៀបចំរបស់កម្ពុជា ដែលជាប្រទេសផ្តល់តម្លៃខ្ពស់ដល់សន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

ទន្ទឹមនឹងកិច្ចប្រជុំកំពូលនេះ ក៏មានព្រឹត្តិការណ៍អមធំៗមួយចំនួនទៀតដូចជា ភូមិហ្វ្រង់កូហ្វូនី និង FrancoTech។ ក្នុងពេលជាមួយគ្នា កម្ពុជាក៏ទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ ផងដែរ។

ទី២. ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ វិច្ឆិកា បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែង នៅឯវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានវត្តមានដ៏ឧត្តុង្គឧត្តមនៃថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងធំធេង និងក្លៀវក្លាបំផុតក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនព្រះរាជាណាចក្រកម្ពុជា។ ទិវានេះក៏បានប្រព្រឹត្តទៅក្រោមម្លប់សុខសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជាទទួលបានក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តផ្តល់តម្លៃ និងការពារសន្តិភាពឱ្យស្ថិតស្ថេរគង់វង្សរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជន។

ទី៣. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) នៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើម្បីកសាងជីវភាពរស់នៅដូចធម្មតាវិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួន ហើយបានដាក់ពង្រាយបន្លាលួស ទូកុងតឺន័រ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ដែលពួកគេដណ្តើមកាន់កាប់។ នៅថ្ងៃទី១២ ខែវិច្ឆិកា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ក៏បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print