ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានិយាយពីសន្តិភាព ពីព្រោះប្រទេសជាតិធ្លាប់បានឆ្លងកាត់សង្គ្រាមដ៏ជូរចត់។ កម្ពុជាដឹងច្បាស់ពីការបំផ្លិចបំផ្លាញដែលសង្គ្រាមបានបង្កឡើងនិងយល់ច្បាស់ពីលទ្ធភាពដ៏ធំធេងដែលសន្តិភាពបាននាំមក។ នេះជាមូលហេតុដែលកងទ័ពកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងជាកម្លាំងជំរុញឱ្យក្រុមអ្នកជំនាញដោះមីនខិតខំប្រគល់ដីសម្អាតមីនជូនប្រជាពលរដ្ឋវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់បែបនេះក្នុងឱកាសថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ក្រោមព្រះរាជពិធីបើកដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
នៅចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូអន្តរជាតិ ដែលជាសមាជិកអង្គការហ្វ្រង់កូនី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុតបើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែនៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធបានកើតឡើង២ លើករវាងកម្ពុជានិងថៃដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានន្ថែមថា មនុស្សបានបាត់បង់ជីវិត ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀស ខ្លួន។ ព្រឹត្តិការណ៍នេះបានរំឭកយើងថាសន្តិភាពមិនមែនជាអ្វីដែលមានស្រាប់និងគង់វង្សជារៀងរហូតនោះឡើយ។ បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញនិងផុយស្រួយនៅឡើយ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ឱ្យដឹងថា ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរគឺជាអាទិភាពចម្បងរបស់យើង៕
ដោយ ៖ សិលា















