សាររព័ត៌មាន AFP បានផ្សាយថានាយករដ្ឋមន្ត្រីចាំផ្ទះនៃប្រទេសអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវជាថ្មីចង់បង្កើតរដ្ឋាភិបាលឯកភាពជាតិ ជាមួយគូប្រជែងរបស់លោក គឺលោក Gadi Eisenkot ព្រមទាំងបានប្តេជ្ញាជាថ្មីថា នឹងកម្ចាត់ការគំរាមកំហែងពីប្រទេសអ៉ីរ៉ង់។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ជំនួបជាមួយលោក Eisenkot កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានពង្រឹងការជឿជាក់របស់លោកបន្ថែមទៀតថា ការបង្កើតរដ្ឋាភិបាលឯកភាពជាតិ គឺជារឿងចាំបាច់ ដើម្បីធានាសន្តិសុខរបស់អ៉ីស្រាអែល។ លោកបានបន្ថែមថា រដ្ឋាភិបាលបែបនេះអាចលុបបំបាត់ ការគំរាមកំហែងពីអ៉ីរ៉ង់ឱ្យចប់ជាស្ថាពរ។
លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា រដ្ឋាភិបាលដូចខាងលើ នឹងរួមផ្សំដោយគណបក្សនានា ដែលទទួលស្គាល់អ៉ីស្រាអែល «ជារដ្ឋរបស់ប្រជាជនជ្វីហ្វ»។ លោកបានបន្តថា រដ្ឋាភិបាលនេះ នឹងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ជាពិសេសការគំរាមកំហែងពីអ៉ីរ៉ង់ ដែលលោកអះអាងថា «នឹងមិនស្ទាក់ស្ទើរបន្តិចឡើយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងអ៉ីស្រាអែល។
ដោយទទួលបានការគាំទ្រពីសមាជិកសភាចំនួន៦៧រូប បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែតុលា លោក Eisenkot ត្រូវបានប្រធានាធិបតីអ៉ីស្រាអែល បង្គាប់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ឱ្យបង្កើតរដ្ឋាភិបាលថ្មី ក្នុងរយៈពេល២៨ថ្ងៃ ដោយអាចបន្ថែមពេលវេលា១៤ថ្ងៃទៀត។ ការចរចាត្រូវបានរំពឹងថា នឹងមានការលំបាក ជាពិសេសដោយសារលោក ណេតាន់យ៉ាហ៊ូ បានធ្វើយុទ្ធនាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះគណបក្សអារ៉ាប់-អ៉ីស្រាអែល ដែលទទួលបានអាសនៈក្នុងសភាច្រើនបំផុតមិនធ្លាប់មាន ក្នុងការបោះឆ្នោតកន្លងទៅនេះ។
រដ្ឋាភិបាលឯកភាពជាតិដែលលោក ណេតាន់យ៉ាហ៊ូ បានស្នើចង់បង្កើតឡើង នឹងរួមមានគណបក្សជ្វីហ្វសំខាន់ៗ រាប់ចាប់ពីបក្សកណ្ដាលនិយម រហូតដល់គណបក្សស្តាំនិយម ប៉ុន្តែមិនរាប់បញ្ចូលគណបក្សអារ៉ាប់នោះទេ។
លោក Eisenkot បានបង្ហាញថា លោកអាចពិចារណាបង្កើតរដ្ឋាភិបាលជាមួយសមាជិកគណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ ព្រមទាំងគណបក្ស Religious Zionism របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich ប្រសិនបើការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការបង្កើតរដ្ឋាភិបាលឯកភាពជាតិ «មានភាពស្មោះត្រង់ពិតប្រាកដ»៕









