ខេត្តកណ្ដាល÷ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ខ្លួនប្រគល់ឲ្យនគរបាល បន្ទាប់ពីរូបគេត្រូវបានរថយន្ត១គ្រឿងទៀតជ្រុលមកបុក រួចក៏បើករត់គេចខ្លួន រហូតទៅបុកផាសអេបបណ្ដាលឲ្យមនុស្ស ១នាក់ រងរបួស រួចបន្តបើករត់គេចខ្លួនទៀត។ ករណីគ្រោះថ្នាក់ចរាចរណ៍ជាស៊េរីនេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង២០នាទីយប់ ថ្ងៃទី១៥ វិច្ឆិកា ២០២៦ ចាប់ផ្ដើមពីចំណុចបេនត្រែ លើផ្លូវលេខ២១A ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីបង្កហេតុរត់គេចខ្លួនមាន ឈ្មោះ កែវ ពេជ (ប្រុស, ២៩ឆ្នាំ) មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកស្ដី សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន បើកបររថយន្តចំនួន ១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-0445។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកឃើញថា បុរសរូបនេះមានផ្ទុកជាតិស្រវឹងកម្រិត ០,៤២៥មីលីក្រាមក្នុង១លីត្រខ្យល់ (0.425mg/L)។
លោកអធិការបានបន្តថា ចំណែកភាគីពាក់ព័ន្ធផ្សេង ទៀតរួមមានអ្នកបើកបររថយន្តម៉ាក KIA MORNING ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-2182 ឈ្មោះ ប៊ិន ដារ៉ា (ប្រុស, ៣៣ឆ្នាំ) មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ និងអ្នកបើកបរផាសអេបពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AR-8130 ឈ្មោះ ពៅ ពិសិដ្ឋ (ប្រុស, ៤១ឆ្នាំ) មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលរងរបួសស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។
លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ រថយន្តម៉ាក KIA MORNING បានបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុកជាមួយរថយន្តម៉ាក TOYOTA PRIUS ដែលកំពុងបើកបរផ្ទុយទិសគ្នា។ ក្រោយពេលត្រូវគេបុក រថយន្តម៉ាក TOYOTA PRIUS មិនបានឈប់ដោះស្រាយនោះទេ ដោយបានព្យាយាមបើករត់គេចខ្លួនរហូតដល់មុខសាលាសង្កាត់ស្វាយរលំ ក៏បានទៅបុកជាមួយផាសអេបដែលកំពុងបើកបររត់បញ្ច្រាសទិស បណ្ដាលឲ្យអ្នកបើកបររងរបួស។ ភ្លាមៗនោះ រថយន្តម៉ាក TOYOTA PRIUS នៅតែបន្តបើករត់គេចរហូតដល់ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ទើបត្រូវប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដេញតាមឃាត់បាន រួចប្រគល់ជូនសមត្ថកិច្ចតែម្ដង។
ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះបណ្ដាលឲ្យខូចខាតផាសអេបចំនួន ១គ្រឿង (ធ្ងន់) និងរថយន្តចំនួន ២គ្រឿង (ធ្ងន់ ១គ្រឿង) ដែលបច្ចុប្បន្នត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែក យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះគឺផ្តើមចេញពីអ្នកបើកបររថយន្តម៉ាក KIA MORNING បើកបរខ្វះការប្រុងប្រយ័ត្នចូលចំណែកផ្លូវគេ រីឯអ្នកបើកបរផាសអេបបើកបរមិនគោរពសិទ្ធិអទិភាព (បើកបញ្ច្រាសផ្លូវ) ចំណែកអ្នកបើកបររថយន្តម៉ាក TOYOTA PRIUS បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ និងស្ថិតក្នុងស្ថានភាពស្រវឹងស្រាផងដែរ៕
ដោយ៖ សុរិយា










