Ronaldinho វិលត្រឡប់មកលេងបាល់ទាត់វិញ ជួយ Ravenna យកឈ្នះ Forli

ចែករំលែក៖

វីរបុរសបាល់ទាត់ប្រេស៊ីល Ronaldinho បានវិលត្រឡប់មកកាន់ទីលានវិញក្នុងវ័យ ៤៦ ឆ្នាំ ដោយចូលរួមជួយក្រុម Ravenna យកឈ្នះ Forli ក្នុងលទ្ធផល ២-០ ក្នុងជំនួប Derby នៃលីគលំដាប់ទី៣ របស់ប្រទេសអ៊ីតាលី។

 

អតីតតារាបាល់ទាត់វ័យ ៤៦ ឆ្នាំរូបនេះ បានសម្រេចចិត្តចេញពីការចូលនិវត្តន៍ ដើម្បីចូលលេងឱ្យក្លឹប Ravenna ដែលលោកបានចូលរួមក្នុងនាមជាអ្នកវិនិយោគកាលពីខែសីហា។ ការបង្ហាញខ្លួនចុងក្រោយរបស់លោកក្នុងនាមជាកីឡាករអាជីព គឺនៅឆ្នាំ ២០១៥ ជាមួយក្លឹប Fluminense។

 

Ronaldinho បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃអាទិត្យក្នុងជម្រើស ១១ នាក់ដំបូង និងបានបង្ហាញបច្ចេកទេសលេងដ៏លេចធ្លោមួយចំនួន ព្រមទាំងមានចំណែកក្នុងការបង្កើតគ្រាប់បាល់បើកឆាករបស់ក្រុមផងដែរ។

 

អតីតកំពូលតារា Barcelona រូបនេះ បានប្រើបច្ចេកទេសរក្សាបាល់ផុតពីការប្រជែងរបស់ខ្សែការពារគូប្រកួត មុនពេលបញ្ជូនបាល់បន្តទៅកាន់មិត្តរួមក្រុម ដែលនាំទៅដល់ការបញ្ជូនបាល់ឱ្យ Giulio Donati ស៊ុតពីខាងក្រៅតំបន់ពិន័យបញ្ចូលទី។

 

មុននោះ Ronaldinho ក៏បានបង្កើតឱកាសឱ្យ Donati ពីការទាត់បាល់ជ្រុងផងដែរ ប៉ុន្តែការតែតបាល់របស់ខ្សែការពាររូបនេះ ត្រូវបានអ្នកចាំទីគូប្រកួតសង្គ្រោះបាន។

 

នៅពេលសម្រាកតង់ទី១ អ្នកសារព័ត៌មានជាច្រើនបានប្រមូលផ្តុំជុំវិញ Ronaldinho ដើម្បីសម្ភាសន៍ ខណៈ Dida អតីតមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល និងក្លឹប AC Milan ក៏បានចូលមកជួបលោកនៅលើទីលានផងដែរ។

 

Ronaldinho ត្រូវបានប្តូរចេញនៅពេលចប់តង់ទី១ ខណៈ Ravenna កំពុងនាំមុខ ១-០។

 

សម្រាប់ការប្រកួតដែលលក់សំបុត្រអស់រលីងនៅកីឡដ្ឋាន Stadio Bruno Benelli ក្លឹបបានសាងសង់កន្លែងអង្គុយបណ្តោះអាសន្នមួយ ដោយដាក់ឈ្មោះថា «R10» ដែលជាការយោងទៅលើឈ្មោះ Ronaldinho និងលេខអាវដែលលោកធ្លាប់ពាក់ជាប្រចាំ។

 

ការប្រកួតនេះក៏ត្រូវបានផ្សាយផ្ទាល់ទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។

 

គួរឱ្យចាប់អារម្មណ៍ Ronaldinho បានហ្វឹកហាត់ជាមួយក្រុមតែម្តងប៉ុណ្ណោះ គឺនៅថ្ងៃសៅរ៍ មុនពេលបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃអាទិត្យ។

 

ក្រាហ្វិកបង្ហាញជម្រើសកីឡាកររបស់ក្រុមមុនការប្រកួត បានដាក់ឈ្មោះលោកនៅតំបន់ខាងឆ្វេង ប៉ុន្តែក្នុងការប្រកួតជាក់ស្តែង លោកភាគច្រើនលេងនៅតំបន់កណ្តាល។

 

សមិទ្ធផលដ៏អស្ចារ្យក្នុងអាជីពបាល់ទាត់

 

ក្នុងអំឡុងពេលកំពុងឡើងដល់កំពូលអាជីព Ronaldinho ត្រូវបានចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក។ លោកក៏ជាកីឡាករដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារបុគ្គលិកលក្ខណៈរីករាយ និងបច្ចេកទេសលេងដ៏អស្ចារ្យរបស់ខ្លួន។

 

លោកបានឈ្នះពាន World Cup ជាមួយប្រេស៊ីលក្នុងឆ្នាំ ២០០២ និងពាន Champions League ជាមួយ Barcelona ក្នុងឆ្នាំ ២០០៦ ព្រមទាំងឈ្នះជើងឯកលីគជាមួយ Barcelona និង AC Milan។ លើសពីនេះ លោកក៏ធ្លាប់ឈ្នះពាន Ballon d’Or និង Fifa World Player of the Year ក្នុងឆ្នាំ ២០០៥ ផងដែរ។

 

ក្នុងអាជីពរបស់លោក Ronaldinho ក៏ធ្លាប់លេងឱ្យក្លឹប Paris Saint-Germain, Gremio, Flamengo, Atletico Mineiro និង Fluminense នៅប្រទេសប្រេស៊ីល ព្រមទាំងក្លឹប Queretaro នៅប្រទេសម៉ិកស៊ិក។

 

ជាសរុប លោកបានស៊ុតបញ្ចូលទី ២៩៩ គ្រាប់ក្នុងអាជីពបាល់ទាត់របស់ខ្លួន ហើយបានសង្ឃឹមថានឹងមានឱកាសរកគ្រាប់បាល់ទី ៣០០ សម្រាប់ Ravenna។ ប្រសិនបើក្រុមទទួលបានបាល់ពិន័យ ១១ ម៉ែត្រ លោកក៏ត្រៀមខ្លួនទទួលភារកិច្ចស៊ុតបាល់នោះផងដែរ។

 

Ronaldinho បានប្រាប់សារព័ត៌មាន Sky Sport Italia ថា៖ «វាពិតជារីករាយណាស់ដែលបានមកទីនេះ ចូលលេងបាល់ទាត់ និងបានឆ្លងកាត់បរិយាកាសរៀបចំមុនការប្រកួតនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់»។

...

 

នៅពេលត្រូវបានសួរថា តើលោកអាចនឹងចូលលេងឱ្យ Ravenna ម្តងទៀតដែរឬទេ ខណៈបច្ចុប្បន្នក្រុមនេះកំពុងឈរលេខ២ ក្នុងពូលរបស់ខ្លួននៅលីគ Serie C លោកបានឆ្លើយថា៖ «ប្រសិនបើប្រធានក្លឹបហៅខ្ញុំ ខ្ញុំនឹងត្រឡប់មកវិញ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print