វត្តមានលោកជំទាវប្រធានាធិបតីប៊ុលហ្គារី នៅផ្លូវថ្មើរជើងចតុមុខ ឆ្លុះបញ្ចាំងពីសុខសន្តិភាព និងមោទនភាពនៃការធ្វើ ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី         

ចែករំលែក៖

ភ្នំពេញ៖ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍឥតឈប់ឈរ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងបង្ហាញមុខមាត់ថ្មីដ៏ស្រស់បំព្រង និងក្លាយជាគោលដៅប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរ និងថ្នាក់ដឹកនាំកំពូលៗមកពីជុំវិញពិភពលោក។

ជាក់ស្ដែង កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី Iliana Malinova Iotova ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី រួមជាមួយសហការី បានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញយាងទស្សនាទិដ្ឋភាពទូទៅនៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយបំផុត។ ការអញ្ជើញទស្សនានៅទីសាធារណៈនាពេលរាត្រីដ៏រស់រវើកនេះ មិនត្រឹមតែជាការសម្រាកលម្ហែប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញឱ្យឃើញពីបរិយាកាសដ៏កក់ក្ដៅ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ និងសោភ័ណភាពដ៏ទាក់ទាញនៃតំបន់មាត់ទន្លេចតុមុខ ដែលជាបេះដូងនៃរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវប្រធានាធិបតីប៊ុលហ្គារី នៅលើផ្លូវថ្មើរជើងចតុមុខ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទាក់ទាញ សុខសុវត្ថិភាព និងភាពស៊ីវិល័យរបស់រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងបើកទ្វារទទួលស្វាគមន៍គណៈប្រតិភូ និងភ្ញៀវអន្តរជាតិជិត ៩០ ប្រទេស ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអ្នកនាំពាក្យបានបន្ដថា៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាព ភាពចាស់ទុំ និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោកធំៗឱ្យប្រព្រឹត្តទៅដោយរលូន។ លើសពីនេះ វាក៏ជាឱកាសមាសដ៏វិសេសវិសាលក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរទៅកាន់ពិភពលោកទាំងមូល។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិ ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំ ពូលដ៏ធំនេះ គឺជាសារដ៏មានឥទ្ធិពលបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាពិតជាមានសុវត្ថិភាពពេញលេញ មានបរិយាកាសអំណោយផល និងត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនពីគ្រប់ ទិសទី ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print