សារព័ត៌មាន Reuters បានផ្សាយថា អគ្គិភ័យមួយនៅអគារពាណិជ្ជកម្ម លើកោះទេសចរណ៍ភូកេត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកានេះ បានបណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរថៃ បានឱ្យដឹងថា អគ្គិភ័យនោះកើតឡើងនៅវេលាម៉ោងប្រហែល ៣ទៀបភ្លឺ ហើយកម្លាំងពន្លត់អគ្គិភ័យចំណាយពេលប្រហែល ២ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍។ ការផ្ទុះឆេះផ្តើមចេញពីអគារបើកអាជីវកម្មជួលរថយន្ត ហើយក្រោយមកបានរាលដាលដល់អគារមួយចំនួន ដែលស្ថិតនៅក្បែរនោះ។
បើតាមប៉ូលិស អ្នករបួស ១៥នាក់គឺជាជនជាតិថៃ និងម្នាក់ជាជនជាតិមីយ៉ាន់ម៉ា។ មិនមានភ្ញៀវទេសចរណាម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ឬរងរបួសនោះទេ។ មូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៉ើបអង្កេត។ អគារនេះស្ថិតនៅក្នុងតំបន់ទីប្រជុំជន ជិតឆ្នេរដ៏ពេញនិយមឈ្មោះ Patong នៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះភូកេត៕

រូបថត: VOV









