ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) សរុបចំនួន ៦ ទីតាំងឃាត់ជនសង្ស័យសរុបទាំង ២៦ នាក់ (ស្រី ៩ នាក់។
អាជ្ញាធរក្រុងបាវិតបានអោយដឹងថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុង សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) សរុបចំនួន ៦ ទីតាំង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត។
ដោយជាលទ្ធផល ក្រុមការងារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង រួមមាន៖
ទីតាំងទី១ ផ្ទះ A-02 ហាង ម្ហូបស្រុកកំណើតហឺណាន-អានហ៊ុយ រកឃើញជនជាតិ ឥណ្ឌូនេស៊ី ១១ នាក់ (ស្រី ៤ នាក់) និងជនជាតិ ខ្មែរ ១ នាក់ (ស្រី) រួមទាំងកុំព្យូទ័រ All in 1៩ ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ លិខិតឆ្លងដែនឥណ្ឌូនេស៊ី (ផុតសុពលភាព) និងឆ្នោតកោសមួយចំនួន។
ទីតាំងទី២ ផ្ទះ A-13 ក្រុមហ៊ុនអប់រំ និងបណ្ដុះបណ្ដាលស្មារតី ឡុងម៉ា រកឃើញជនជាតិ វៀតណាម = ១៤ នាក់ (ស្រី ៤ នាក់) និងវត្ថុតាងរួមមានកុំព្យូទ័រ All in 1 CPU ទូរសព្ទដៃផ្ទាល់ខ្លួន និងលិខិតឆ្លងដែន វៀតណាម។
ចំពោះ ទីតាំងទី៣ ទីតាំងទី៤ ទីតាំងទី៥ (ក្លឹបប៊ីយ៉ែដែកភ្លើង) ទីតាំងទី៦ ជនសង្ស័យ រត់គេចខ្លួន និងពិនិត្យរកឃើញវត្ថុតាងរួមមាន កុំព្យូទ័រ All in 1 ទូរសព្ទដៃចម្រុះ ដុំ wifi CPU និងស៊ីមកាត smart មួយចំនួនទៀត។
ចំពោះជនសង្ស័យសរុបទាំង ២៦ នាក់ (ស្រី ៩ នាក់) និងវត្ថុតាងខាងលើ សមត្ថកិច្ចបានសម្រេចបញ្ជូនទៅការិ. ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធី។ រីឯទីតាំងខាងលើ ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា សមាសភាពចូលរួមមាន លោកស្នងការរងនគរបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកមេបញ្ជាការរង អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង និងជំនួយការភូមិបាវិតលើ៕
ដោយ៖ សុថាន










