ភ្នំពេញ ៖ យោងតាមសេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពី « កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ » បានឱ្យដឹងថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដោយបញ្ជាក់អះអាងជាថ្មី អំពីការប្រកាន់ខ្ជាប់ចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
សេចក្តីអំពាវនាវដដែលក៏បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅចំពោះមុខការគំរាមកំហែងដែលកាន់តែមានសន្ទុះកើនឡើងមកលើបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ជាច្រើននៃពិភពលោក ជាពិសេសការបំផ្លិចបំផ្លាញ ការជួញដូរខុសច្បាប់ ផលវិបាកនៃជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយ ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នគរូបនីយកម្មដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងកត្តាផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់ការអភិរក្ស ការលើកតម្លៃ និងការផ្ទេរបេតិកភណ្ឌទៅកាន់ជនជំនាន់ក្រោយ។
ទន្ទឹមនឹងនោះដែរ សេចក្តីអំពាវនាវទីក្រុងភ្នំពេញក៏បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារ អភិរក្ស ជួសជុលនិង ស្តារបេតិកភណ្ឌវប្បធម៌ឡើងវិញ និងឱ្យមានការគាំទ្រដល់គ្រប់បណ្តារដ្ឋដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលគំរាមកំហែង ដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។
សេចក្តីអំពាវនាវទីក្រុងភ្នំពេញដដែលនោះក៏បានជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ រួមទាំងវត្ថុបុរាណ ព្រមទាំងដើម្បីជំរុញការបញ្ជូនត្រឡប់ ឬការប្រគល់ជូនប្រទេសដើមវិញ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិនានាដែលអាចអនុវត្តបាន ជាអាទិ៍តាមរយៈកិច្ចសន្ទនា និងកិច្ចព្រមព្រៀងរវាងរដ្ឋពាក់ព័ន្ធ និងឱ្យមានការពង្រឹងសមត្ថភាពជាតិក្នុងការបង្ការ ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតប ចំពោះការគំរាមកំហែងដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ ជាអាទិ៍ក្នុងអំឡុងពេលមានវិបត្តិ គ្រោះមហន្តរាយ ឬជម្លោះ។
សេចក្តីអំពាវនាវទីក្រុងភ្នំពេញបានបញ្ជាក់ជាថ្មីថា ការការពារនិងការលើកតម្លៃបេតិកភណ្ឌវប្បធម៌ ការលើកកម្ពស់ភាពចម្រុះផ្នែកវប្បធម៌និងភាសា កិច្ចសន្ទនារវាងប្រជាជននិងប្រជាជន ព្រមទាំង ការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការ សហប្រជាជាតិ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់សន្តិភាព សម្រាប់ការយោគយល់គ្នាទៅវិញទៅមកសម្រាប់ស្ថិរភាពនិងវិបុលភាពសង្គម ព្រមទាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី និងនៅទូទាំងពិភពលោក៕
ដោយ ៖ សិលា











