សារព័ត៌មាន Reuters បានផ្សាយថា ការិយាល័យនាយករដ្ឋមន្ត្រីកាណាដា បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាប្រទេសចិននឹងកាត់បន្ថយពន្ធគយ លើទំនិញនាំចេញរបស់កាណាដា រួមមានទាំងសាច់ជ្រូក និងគ្រឿងសមុទ្រ ខណៈនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បង្ហាញការសាទរចំពោះស្ថិរភាពក្នុងទំនាក់ទំនងរបស់ប្រទេសលោកជាមួយចិន។
ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងផលិតកម្មដ៏សំខាន់មួយ នៅភាគខាងត្បូងប្រទេសចិន មុនកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក Carney បាននិយាយថា កាណាដាកំពុងឆ្ពោះទៅសម្រេចគោលដៅបានលឿនជាងការគ្រោងទុក ក្នុងការបង្កើនការនាំចេញ៥០ភាគរយ ទៅកាន់ចិន នៅត្រឹមដំណាច់ទសវត្សរ៍នេះ។ គ្រឹះចម្បងមួយនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់លោក Carney គឺការកាត់បន្ថយការពឹងផ្អែកខ្លាំងរបស់កាណាដា លើសហរដ្ឋអាមេរិក ដែលបានដាក់ពន្ធគយខ្ពស់លើផលិតផលជាច្រើនរបស់ប្រទេសកាណាដា ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាច។
សេចក្តីថ្លែងការណ៍ពីការិយាល័យលោក Carney បានឱ្យដឹងថា លោក ស៊ី និងលោកនាយករដ្ឋមន្រ្តីកាណាដា បានយល់ស្របគ្នា បន្តនិងពង្រីកកិច្ចព្រមព្រៀងបឋមមួយ ដើម្បីសម្រួលដល់ការចូលទៅកាន់ទីផ្សារចិន សម្រាប់កសិករនិងអ្នកប្រមូលផលគ្រឿងសមុទ្ររបស់ប្រទេសកាណាដា។ ចិននឹងផ្តល់ការបន្ធូរបន្ថយពន្ធគយបន្ថែម លើទំនិញនាំចេញរបស់កាណាដា ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារកាណាដា ស្មើនឹង២៨០លានដុល្លារអាមេរិក រួមមានទាំងសាច់ជ្រូកក្លាសេ ព្រមទាំងត្រី និងអាហារសមុទ្រផ្សេងៗ។
តាមសេចក្តីថ្លែងការណ៍ដដែល ជាថ្នូរមកវិញ កាណាដាបានយល់ព្រមបន្តរយៈពេល២ឆ្នាំទៀត នូវវិធានការលើកលែងពន្ធដែលមានស្រាប់ សម្រាប់ផលិតផលដែកថែប និងអាលុយមីញ៉ូមមួយចំនួនរបស់ចិន ដែលគ្រោងនឹងផុតកំណត់ នៅដំណាច់ឆ្នាំ២០២៦។ លោក ស៊ី បាននិយាយថា ចាប់តាំងពីប្រទេសទាំង២ បានឯកភាពគ្នាកាលពីខែមករា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រចិន-កាណាដា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរ បានចាប់ផ្តើមឡើងវិញយ៉ាងពេញលេញ។
កិច្ចពិភាក្សាគ្នានៅថ្ងៃអង្គារនេះ គឺជាជំនួបលើកទី៣ រវាងលោក Carney និងលោក ស៊ី គិតចាប់តាំងពីលោក Carney ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា។ មេដឹកនាំទាំង២ ក៏ធ្លាប់បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល APEC កាលពីឆ្នាំមុនក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕









