ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យ បានស្នើសុំអាជ្ញាធរជួយដាក់លូ រំដោះទឹក ចុះបញ្ជីក្បាលដី៧៤ក្បាលដី ការសុំម៉ាស៊ីន ថតរូប ធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់
ប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងជាសំណើរសំណូមពរ ដើម្បីឱ្យអាជ្ញាធរជួយកសាងបន្ថែម នូវលូ ផ្លូវបណ្ដាញទឹកស្អាត ពន្លឿនការចុះបញ្ជីក្បាលដី និងការសុំតបណ្តាញអគ្គិសនីផងដែរ។
ប្រជាពលរដ្ឋបានស្នើសុំបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ៤នៅខណ្ឌមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក លោក ប៊ី ប្រេម សមាជិកក្រុមប្រឹ ក្សារាជធានីតំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងវេទិកានោះប្រជាពលរដ្ឋបានលើកឡើងជាសំណើសំណូមពរផ្ទាល់មាត់ចំនួន៨រូប ក្នុងនោះមានការស្នើសុំកសាងលូ ផ្លូវ សុំចុះបញ្ជីក្បាលដីចំនួន៧៤ក្បាលដី ការសុំម៉ាស៊ីនថតរូប ពាក់ព័ន្ធការធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ ការសុំកាត់ខ្សែភ្លើងរញ៉េរញ៉ៃតាមផ្លូវ ការសុំតបណ្តាញទឹកស្អាតចូលលំនៅឋាន ជាមួយនឹងការសុំដោះស្រាយបញ្ហាទឹកចេញខ្សោយមិនអាចប្រើប្រាស់បាន។ ចំពោះការស្នើឡើងរបស់ប្រជាពលរដ្ឋ ក្នុងវេទិកានេះត្រូវបានមន្ទីរជំនាញពាក់ ព័ន្ធធ្វើការដោះស្រាយភ្លាមៗនៅនឹងកន្លែង។
លោក ហួត ហៃ បានបញ្ជាក់ថា៖ នៅក្នុងវេទិកានេះបានបង្កប់នូវប្រធានបទពីរ នោះគឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤២០រូបស្រី៨០រូប និងបានលើកឡើង ជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន៨រូបនិងជាលាយលក្ខអក្សរចំនួន៤៤ច្បាប់។
លោក អភិបាលរងបន្តថា ចំពោះសំណើ សំណូមពរលាយលក្ខណ៍អក្សរនឹងដាក់ជូនគណៈអភិបាល រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន និងធានាថា រាល់មតិយោបល់សំណើ និងសំណូមពរទាំង នេះនឹងចាត់អាទិភាពដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍបីឆ្នាំរំកិល របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈឱ្យ បានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌ នៃ រាជធានីភ្នំពេញ ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។
លោក ហួត ហៃ ក្នុងឱកាសនោះដែរ ក៏បានលើកឡើងជុំវិញកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ។ព្រឹត្តិការណ៍នេះបានធ្វើឱ្យថ្នាក់ដឹកនាំនៅលើពិភពលោកបានមើលឃើញច្បាស់ពីកម្ពុជា ជឿទុកចិត្តយ៉ាងមុតមាំចំពោះសុខសុវត្ថិភាពនៅកម្ពុជា ដោយថ្នាក់ដឹកនាំកំពូលៗមួយចំនួនបានមកដើរលេងកំសាន្តនៅតំបន់ផ្សេងៗពិសេសនិងលើផ្លូវថ្មើ ជើងចតុមុខតែម្តងដោយពួកគាត់មិនបានខ្វល់ពីបញ្ហាសន្តិសុខអ្វីឡើយ។
លោក ប៊ី ប្រេម បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយ កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង, គ្រោះអគ្គីភ័យការអភិវឌ្ឍមូលដ្ឋាន, សុខមាលភាពប្រជាពលរដ្ឋ បរិស្ថាននិងការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕













