ខេត្តបាត់ដំបង ៖កម្លាំងជំនាញនៃស្នងការខេត្ត សហការជាមួយកម្លាំងអធិការនគរបាលក្រុងបាត់ដំបង ចំណាយពេលជាង១កន្លះស្រាវជ្រាវតាមចាប់ខ្លួនបានចំនួន០៩នាក់ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៦ វិច្ឆិកា ដែលជនខ្លះតាមដល់ស្រុករតនមណ្ឌល ខណៈជនខ្លះទៀតចាប់បាននៅក្នុងក្រុងបាត់ដំបង ។
ក្រុមចោរទាំង០៩នាក់នេះ មានអាយុចន្លោះពី១៣ ដល់១៨ឆ្នាំ ។ ធ្លាប់ធ្វើសកម្មភាពតាមស្ទាក់វាយ ឬកាប់អ្នកដំណើរ ប្លន់យកម៉ូតូ២លើកកន្លងមកហើយ ទើបចាប់ពីកំឡុងខែតុលា មកទល់នឹងថ្ងៃទី១៥ វិច្ឆិកា ដែលជាលើកចុងក្រោយ ។ នេះបើយោងតាមរបាយការណ៍សួរចម្លើយក្រុមក្ដិបចោរ ។
តាមរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ ដែលត្រូវឃាត់ខ្លនពាក់ព័ន្ធនឹងអំពើ «ប្លន់យកម៉ូតូ» តាមដងផ្លូវ រួមមាន៖ ១-ឈ្មោះ ហ្វូ គង់មិញ អាយុ១៤ឆ្នាំ,២-ឈ្មោះ មុត គឹមអៀង ហៅពេជ្រ អាយុ១៤ឆ្នាំ ៣-ឈ្មោះ ណុច វ៉ាន់នី អាយុ១៥ឆ្នាំ ៤-ឈ្មោះនី សំណាងអាយុ១៣ ឆ្នាំ ៥-ឈ្មោះ ទុំ សិនិត ហៅចយ អាយុ១៥ឆ្នាំ,៦-ឈ្មោះ ឌីកា សុវិជ្ជ័យ ហៅវី អាយុ១៨ឆ្នាំ ៧-ឈ្មោះ ហួង រ៉ានុត អាយុ១៣ឆ្នាំ ៨-ឈ្មោះ ធឿន ហុងឆាយ អាយុ១៥ឆ្នាំ និង៩-ឈ្មោះ នី វណ្ណះ អាយុ១៦ឆ្នាំ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ក្រុមចោរ ធ្លាប់ធ្វើសកម្មភាព«ប្លន់យកម៉ូតូ»អុ្នកដំណើរពេលយប់បានសម្រេចចំនួន០២លើក ។ នៅមានបក្សពួកមួយចំនួនទៀត ដែលបានរួមគំនិតកំពុងសម្ងំលាក់ខ្លួន ។ នៅចំពោះមុខមន្ត្រីសួរចម្លើយ ក្រុមនេះបានផ្ដល់ចម្លើយសារភាពប្រហាក់ប្រហែលគ្នាទាំងពេលវេលា និងថ្ងៃខែចេញធ្វើសកម្មភាព ។ បើតាមចចម្លើយ ក្រុមនេះបានប្រាប់សមត្ថកិច្ចថា កន្លងមកពួកគេគ្រាន់តែធ្លាប់ធ្វើសកម្មភាពជិះម៉ូតូដេញវាយ ដេញគប់គ្នាតែប៉ុណ្ណោះ តែច្រើនលើកច្រើនសារ ។ ប៉ុន្តែនៅក្នុងអំឡុងខែតុលាកន្លងទៅនេះ ក៏បែកគំនិតវាយ«ប្លន់យកម៉ូតូ» តែម្ដង ។
លើកទី១-ក្នុងខែតុលា នៅវេលារំលងអធ្រាត្រ ពួកខ្លួនបានជិះម៉ូតូដេញវាយអ្នកជិះម៉ូតូ១គ្រឿង ដែលជិះម្នាក់ ឯងនៅម្ដុំរង្វង់មូលយាយទេពសង្កាត់អូរចា រហូតដល់គាត់ដួល ទើបពួកខ្លួន «ប្លន់យកម៉ូតូ» តែម្ដង។
លើកទី២-នៅវេលាម៉ោងប្រហែលជាង១០យប់ថ្ងៃទី១៥ វិច្ឆិកា នេះ នៅចំណុចផ្លូវជាតិលេខ៥ ទល់មុខធនាគារ ABA ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ពួកខ្លួនចំនួន០៨នាក់ ជិះម៉ូតូ០៤គ្រឿង ជិះដេញតាមវាយអ្នកជិះម៉ូតូឌុបគ្នា០៤នាក់ បណ្ដាលឲ្យដួលម៉ូតូ រួចពួកខ្លួនចុះទៅ«ប្លន់យកម៉ូតូ»នោះជិះគេចខ្លួនភ្លាមៗ
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង ប្រាប់ថា ក្រុមជនសង្ស័យទាំង០៩នាក់នេះ មានជនខ្លះមានអាយុក្រោម១៥ឆ្នាំ ។ បើតាមការស្រាវ ជ្រាវ និងការសួរនាំពីប្រវត្តិពួកគេ ក្រុមនេះសុទ្ធសឹងជាក្រុមក្មេងទំនើងបែកគំនិតចេញ«ប្លន់»ម៉ូតូពេលយប់ស្ងាត់។
ក្រោយពេលកើតមានបទល្មើស និងក្រោយទទូលបានសេចក្ដីរាយការណ៍ លោកស្នងការខេត្តចេញបញ្ជាភ្លាមៗ ឲ្យលោកដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការក្រុងបាត់ដំបង ចុះស្រាវជ្រាវរហូតកំណត់បាននូវមុខសញ្ញាក្រុមជនសង្ស័យវ័យក្មេងទាំង នេះ និងឈានដល់ការតាមឃាត់ខ្លួនបានចំនួន០៩នាក់ជាបន្តបន្ទាប់ ។ ប៉ុន្តែយ៉ាងណា ចំពោះជនសង្ស័យមានអាយុក្រោម១៥ឆ្នាំ លោកកំពុងរងចាំគោលការណ៍ថ្នាក់ ដឹកនាំ តើត្រូវបញ្ជូនទៅតុលាការ ឬត្រូវដោះលែងឲ្យនៅក្រៅឃុំ ?៕










