ភ្នំពេញ ៖ ថ្លែងក្នុងឱកាសបើកជំរឿននគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបទៅកាន់អង្គពិធី នូវទិន្នន័យបឋមដែលបង្ហាញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិទូទាំងប្រទេស មានមន្ត្រីចំនួន ២.៣៣២នាក់ ត្រូវបានរកឃើញថាខុសឆ្គងពីទិន្នន័យដើម។
ការខុសឆ្គងនោះ ត្រូវបានលោកអភិសន្តិបបណ្ឌិត លើកឡើងចំៗ រួមមាន ខុសថ្ងៃខែឆ្នាំកំណើត ចំនួន២.២៨០នាក់ ខុសអក្ខរាវិរុទ្ធឈ្មោះ ចំនួន៤៨នាក់ និងខុសភេទចំនួន៤នាក់ ដោយមិនមែនជាករណីឈ្មោះស្ទួន ឬឈ្មោះខ្មោចនោះទេ។ ប្រមុខក្រសួងមហាផ្ទៃចាត់ទុកទិន្នន័យខុសនេះ ថាជាការបញ្ជាក់ឱ្យឃើញអំពីភាពចាំបាច់នៃការចុះធ្វើជំរឿង។
នៅថ្ងៃនេះ ក្រសួងមហាផ្ទៃបាននិងកំពុងដំណើរការជំរឿនមន្ត្រីនគរបាល បម្រើការនៅតាមអង្គភាពចំនួន៣ រួមមានអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ ជំរឿននេះនឹងបន្តធ្វើរហូតបញ្ចប់ថ្នាក់អង្គភាពចំណុះទីស្ដីការក្រសួង មុននឹងបន្តនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
បើតាម លោកអភិសន្តិបណ្ឌិត ស សុខា ជំរឿនមន្ត្រីនគរបាលជាតិ មានគោលដៅស្នូល៦ រួមមាន ១. ស្គាល់ច្បាស់ពីកម្លាំងដែលមានស្រាប់ ២. ដឹងពីតម្រូវការកម្លាំងជាក់ស្តែង ៣. ស្គាល់ពីសមត្ថភាពរបស់មន្ត្រី ៤. ពង្រឹងការគ្រប់គ្រងរដ្ឋបាល ៥. ធ្វើទំនើបកម្មការគ្រប់គ្រង និងទី៦. ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត។
លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា យុទ្ធនាការជំរឿននេះ ជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីកសាងមូលដ្ឋាន ទិន្នន័យធនធានមនុស្ស រយៈពេលវែង ធានាប្រសិទ្ធភាពការងារ និងចូលរួមកាត់បន្ថយនូវការចំណាយថវិកាជាតិ៕
ដោយ ៖ សិលា











