ភ្នំពេញ៖ ថ្លែងបូកសរុបលទ្ធផលក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ មិនត្រឹមតែជាជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំព្រឹត្តិការណ៍ការទូតអន្តរជាតិកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសដ៏សំខាន់ចំនួន៣» ព្រមទាំងជាវេទិកាដ៏មានឥទ្ធិពលក្នុងការប្រើប្រាស់ «អំណាចទន់» (Soft Power) នៃវប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចខ្មែរ បង្ហាញទៅកាន់ពិភពលោក។
នាឱកាសនោះ លោក នេត្រ ភក្ត្រា បានរំលេចថា ភាពជាម្ចាស់ផ្ទះនេះបានផ្តល់ឱ្យកម្ពុជានូវឱកាសមាសទាំង៣ គឺ ការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងតួនាទីការទូតអន្តរជាតិ និងការបើកទ្វារទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ ដែលស្តែងឡើងតាមរយៈ៖
ទី១៖ កម្ពុជាមិនត្រឹមតែបានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបាននាំយកសារសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌ ទៅកាន់វេទិកាពិភពលោក។
ទី២៖ ការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ (សរុបប្រមាណ ១,៥០០នាក់ មកពី ៣០៨ស្ថាប័ន និង ៤២ប្រទេស) បានបង្កើតឱកាសដ៏សំខាន់ក្នុងការបង្ហាញរូបភាពពិតរបស់កម្ពុជា ទាំងសន្តិភាព ស្ថិរភាព វប្បធម៌ និងសក្តានុពលអភិវឌ្ឍន៍។
ទី៣៖ អ្វីដែលកម្ពុជាទទួលបាន មិនមែនមានត្រឹមរយៈពេលបីថ្ងៃនៃកិច្ចប្រជុំនោះទេ ប៉ុន្តែជាទុនការទូត ទុនកិត្យានុភាព និងឱកាសសហប្រតិបត្តិការសម្រាប់អនាគត ដើម្បីប្រែក្លាយទំនាក់ទំនង និងការប្តេជ្ញាចិត្តអន្តរជាតិ ទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ចំនួន ៨១ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រួមជាមួយព្រឹត្តិការណ៍អមនានា ដូចជា «ភូមិហ្វ្រង់កូហ្វូនី» និងវេទិកាធុរកិច្ច «FrancoTech» គឺជាឱកាសដ៏វិសេសវិសាលក្នុងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរ ប្រវត្តិសាស្ត្រ សិល្បៈ ទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា។ នេះគឺជាការប្រើប្រាស់ «អំណាចទន់» តាមរយៈវប្បធម៌ ដើម្បីបង្កើនការយល់ដឹង កសាងទំនុកចិត្ត និងពង្រឹងមិត្តភាពរវាងប្រជាជាតិ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគុណតម្លៃយុទ្ធសាស្ត្រទាំង ៥ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំកំពូលនេះ រួមមាន៖ ការពង្រឹងតួនាទីក្នុងការទូតពហុភាគី, ការប្រែក្លាយឱកាសការទូតទៅជាកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ការបង្ហាញអត្តសញ្ញាណ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក, ការនាំយកបទពិសោធន៍នៃសន្តិភាពរបស់កម្ពុជាទៅចែករំលែកជាមួយសហគមន៍អន្តរជាតិ ព្រមទាំងការកសាងកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នឹងត្រូវបានចងចាំមិនត្រឹមតែជាព្រឹត្តិការណ៍ដែលពិភពលោកបានមកជួបជុំគ្នានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាបានបើកទ្វារទៅកាន់ឱកាសថ្មីៗ ពង្រឹងតួនាទីលើឆាកអន្តរជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសន្តិភាព និងអនាគតរួមសម្រាប់មនុស្សជាតិ៕
ដោយ៖តារា










