Haaland ស៊ុតបាល់ប៉េណាល់ទីនៅវិនាទីចុងក្រោយ ជួយន័រវេសវាយបកឈ្នះដាណឺម៉ាក ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ Nations League

ចែករំលែក៖

ខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបាល់ប៉េណាល់ទីនៅវិនាទីចុងក្រោយ ជួយឱ្យក្រុមជម្រើសជាតិន័រវេស វាយបកពីការតាមពីក្រោយ ២ គ្រាប់ ដើម្បីយកឈ្នះដាណឺម៉ាក និងដណ្តើមកៅអីទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ខណៈដាណឺម៉ាកត្រូវខកខានឱកាសឡើងទៅវគ្គបន្ត។

 

ដាណឺម៉ាកជិតទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូល A4 ទៅហើយ ព្រោះលទ្ធផលស្មើក៏គ្រប់គ្រាន់សម្រាប់ពួកគេក្នុងការឡើងទៅវគ្គបន្តដែរ។ ប៉ុន្តែអាជ្ញាកណ្តាល Halil Umut Meler ត្រូវបានជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) ណែនាំឱ្យទៅពិនិត្យរូបភាពឡើងវិញនៅក្បែរទីលាន បន្ទាប់ពី Joachim Andersen យកដៃប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់។

 

ក្រោយពិនិត្យរួច អាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់ពិន័យ ១១ ម៉ែត្រ ហើយ Haaland មិនបានធ្វើឱ្យឱកាសនេះកន្លងផុតឡើយ ដោយខ្សែប្រយុទ្ធរបស់ Manchester City បានស៊ុតបាល់ចូលជ្រុងខាងក្រោមទីយ៉ាងល្អ។

 

នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត អ្នកគាំទ្រន័រវេសនៅតំបន់អបអរសាទររបស់ក្រុមភ្ញៀវបានផ្ទុះក្តីរីករាយយ៉ាងខ្លាំង ដោយពួកគេមិនត្រឹមតែអបអរការឡើងទៅវគ្គចាញ់ធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរចំពោះការវាយបកដ៏អស្ចារ្យរបស់ក្រុមផងដែរ។

 

ដាណឺម៉ាកបានចាប់ផ្តើមការប្រកួតយ៉ាងល្អ ដោយរកបាន ២ គ្រាប់ក្នុងរយៈពេលត្រឹម ៣ នាទី។ អតីតខ្សែប្រយុទ្ធ Manchester United គឺ Rasmus Hojlund បានស៊ុតបញ្ចូលទីគ្រាប់ទី៥ ក្នុងការប្រកួតអន្តរជាតិ ៦ លើកចុងក្រោយរបស់គេ មុនពេលប្រធានក្រុម Pierre-Emile Hojbjerg តែតបាល់បញ្ចូលទីបន្ថែមមួយគ្រាប់ទៀត។

 

លទ្ធផលនេះបានធ្វើឱ្យដាណឺម៉ាកឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល និងកំពុងស្ថិតក្នុងដំណើរទៅកាន់វគ្គបន្ត។ ប៉ុន្តែន័រវេសមិនបានបោះបង់ការប្រកួតឡើយ ហើយបានប្រឹងប្រែងវាយបករហូតរកបានមួយគ្រាប់មកវិញ។

 

ខ្សែបម្រើប្រយុទ្ធ Martin Odegaard របស់ Arsenal បានឆ្លៀតឱកាសពីកំហុសរបស់អ្នកចាំទី ដើម្បីបញ្ជូនបាល់ឱ្យ Haaland រត់ចូលស៊ុតបញ្ចូលទីពីចម្ងាយជិត។

 

Odegaard បន្ទាប់មកបានជួយឱ្យន័រវេសតាមស្មើ ២-២ នៅសល់តែ ៧ នាទីទៀតមុនចប់ការប្រកួត ដោយស៊ុតបាល់បំប៉ោងសំណាញ់ពីបាល់ត្រឡប់មកវិញ បន្ទាប់ពីការស៊ុតរបស់ Andreas Schjelderup បានប៉ះបង្គោលទី។

...

 

នៅពេលនោះ ហាក់ដូចជាពេលវេលាមិននៅខាងន័រវេសទៀតឡើយ ប៉ុន្តែការប៉ះបាល់ដោយដៃរបស់ Andersen ពីការបញ្ជូនបាល់ឆ្លងចូលតំបន់គ្រោះថ្នាក់ បានផ្តល់ឱកាសចុងក្រោយដល់ពួកគេ។ Haaland បានឈានមកស៊ុតបាល់ពិន័យ ១១ ម៉ែត្រយ៉ាងជឿជាក់ ដើម្បីបិទបញ្ចប់ការប្រកួតដ៏រំភើប និងធានាជ័យជម្នះ៣-២ដ៏សំខាន់សម្រាប់ន័រវេស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print