ភ្នំពេញ ៖ មានប្រសាសន៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីសិក្សា និងគោលដៅណែនាំ សម្រាប់កម្មវិធីអប់រំផ្លូវការ លើជំនាញអភិបាលកិច្ច និងអភិវឌ្ឍមូលដ្ឋានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា ការដាក់ឱ្យអនុវត្តកម្មវិធីអប់រំផ្លូវការលើជំនាញអភិបាលកិច្ច និងអភិវឌ្ឍមូលដ្ឋាន គឺជាចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះដែរ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នអប់រំដទៃទៀត ដើម្បីធានាថាគុណភាពនៃការអប់រំឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងស្តង់ដារជាតិ តំបន់ និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងត្រូវរក្សាឱ្យបាននូវ វិន័យ សុចរិតភាពសិក្សា និងគុណភាពនៃការស្រាវជ្រាវ។
លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ក្នុងការកសាងមូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលជាអង្គប្រតិបត្តិផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោក បន្ថែមថា ការដាក់ចេញកម្មវិធីអប់រំផ្លូវការនេះ គឺជាការគិតគូរយ៉ាងល្អិតល្អន់ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកអភិសន្តិបណ្ឌិត ក៏បានរំលឹកផងដែរថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលត្រូវបានផ្តួចផ្តើមឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តបេសកកម្មដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាស្នូលនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាគន្លឹះឆ្ពោះទៅរកការពង្រឹងអភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។
លោកអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា ដោយសារការវិវត្តនៃការងារអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន ទាមទារឱ្យមន្ត្រីមានចំណេះដឹង ជំនាញ និងសមត្ថភាពឯកទេសកាន់តែខ្ពស់ ទើបក្រសួងមហាផ្ទៃសម្រេចបង្កើតកម្មវិធីអប់រំផ្លូវការនេះឡើង ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។
ក្នុងពិធីនោះដែរ ក៏មានការរៀបចំបទបង្ហាញសំខាន់ៗចំនួន ២ ប្រធានបទ មានជាអាទី៍ ប្រធានបទទី១ ស្ដីពី ការអភិវឌ្ឍកម្មវិធីអប់រំផ្លូវការលើជំនាញអភិបាលកិច្ច និងអភិវឌ្ឍមូលដ្ឋាន ធ្វើបទបង្ហាញដោយ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការរៀបចំកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាជាន់ខ្ពស់។ ដោយឡែកប្រធានបទទី២ ស្ដីពីផែនការបណ្ដុះបណ្ដាលកម្មវិធីអប់រំផ្លូវការរបស់ក្រសួងមហាផ្ទៃលើជំនាញអភិបាលកិច្ច និងអភិវឌ្ឍន៍មូលដ្ឋាន បទបង្ហាញដោយ លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន៕
ដោយ ៖ សិលា











