ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានបន្តចុះប្រតិបត្តិការឃាត់ខ្លួនពិរុទ្ធជនម្នាក់ ដែលពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើក្មេងស្រីជាកូនចុងចាប់តាំង ពីអាយុ ៩ឆ្នាំ រហូតដល់អាយុ ១៥ឆ្នាំ។
សេចក្តីរាយការណ៍នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនជនល្មើសខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ ២០៥ (គ) ជ.ច.ន/២៦ របស់ចៅក្រមជម្រះ នៃសាលាដំបូងខេត្តមណ្ឌលគិរី។
ប្រភពបន្តឱ្យដឹងទៀតថា ពិរុទ្ធជនរូបនេះឈ្មោះ រឿន ភារម្យ មានទីលំនៅបច្ចុប្បន្ននៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រៀបការជាមួយម្តាយក្មេងស្រីរងគ្រោះ (មានកូនរួមគ្នាពីរនាក់បន្ថែមទៀត)។ ជននេះបានឆ្លៀតឱកាសប្រព្រឹត្តអំពើរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកូនស្រីចុងជាបន្តបន្ទាប់ តាំង ពីអំឡុងឆ្នាំ២០១៩ មកម្ល៉េះ (ខណៈ នោះក្មេងស្រីមានអាយុទើបតែ ៩ឆ្នាំ)។ លុះរហូតដល់ក្មេងស្រីទ្រាំនឹងសកម្មភាពគាបសង្កត់និងបំពានមិនបាន ទើបសម្រេច ចិត្តដាក់ពាក្យបណ្ដឹងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
ក្រោយទទួលបានបណ្ដឹងនេះ កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវភ្លាមៗ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ទោះបីជាយ៉ាងណា ដោយមានការយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញក្នុងការស្រាវជ្រាវស៊ើបអង្កេតជាបន្តបន្ទាប់ ទើបអាចឈានដល់ការតាមប្រមាញ់ និងឃាត់ខ្លួនជនដៃឆៅរូបនេះបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
បច្ចុប្បន្ន ពិរុទ្ធជនឈ្មោះ រឿន ភារម្យ ត្រូវបានតុលាការផ្ដន្ទាទោសជាស្ថាពរដាក់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទ «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស»។
តាមប្រភពព័ត៌មានចុងក្រោយនារសៀលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមកិច្ចការរងគ្រោះដ៏ធ្ងន់ទាំងផ្លូវ កាយនិងផ្លូវចិត្តពីសំណាក់ជនល្មើស,ក្មេងស្រីរងគ្រោះសព្វថ្ងៃកំពុងជួបប្រទះនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់យ៉ាងខ្លាំងដល់អនាគត និងសេចក្ដីសុខសាន្តក្នុងជីវិតរបស់នាង ដែលជាការឈឺចាប់មិនគួរនឹងកើតមានសោះក្នុងវ័យកុមារភាពរបស់ខ្លួន៕
ដោយ៖ សុរិយា










