ភ្នំពេញ៖ ជនសង្ស័យ១៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសំណុំរឿង៨ករណីផ្សេងគ្នា កាលពីម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅនាព្រឹកនេះមាន១៥នាក់ក្នុងសំណុំរឿង៨ករណីផ្សេងគ្នា ដោយករណីទី១ ពាក់ព័ន្ធលួចទូរស័ព្ទដៃម្នាក់ ទី២ពាក់ព័ន្ធហិង្សាម្នាក់ ទី៣ពាក់ព័ន្ធលួចទូរទស្សន៍ម្នាក់ ទី៤ពាក់ព័ន្ធប៉ុនប៉ងលួច២នាក់ និង៤ករណីទៀតពាក់ព័ន្ធគ្រឿងញៀនមានចំនួន១០នាក់។
លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ចែ ស៊ុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការណ៍ និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកម្លាំងដោយសហការជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង។
គួររំលឹកថា ជនសង្ស័យទាំង១៥នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ទាំង៤របស់ខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរចប់ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
...
ដោយ៖ តុង សីហា