ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងម្ដុំផ្សារបឹងត្របែកផ្លាហ្សា ក៏ដូចជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវលេខ៤៥៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងជួបបញ្ហាកកស្ទះចរាចរណ៍ជាប្រចាំនៅតាមដងផ្លូវសាធារណៈ ពិសេសមុខផ្សារបឹងត្របែកផ្លាហ្សា ដែលជាក្តីកង្វល់យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ ដោយពួកគាត់ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ រៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវ ខណៈការចតម៉ូតូ និងម៉ូតូកង់បីចតមុខផ្សារគ្មានសណ្តាប់ធ្នាប់ ទើបបង្កជាការកកស្ទះចរាចរណ៍។
សេចក្ដីរាយការណ៍ដដែលបន្តថា មូលហេតុចម្បងដែលនាំឱ្យចរាចរណ៍មានការយឺតយ៉ាវ និងកកស្ទះខ្លាំងក្នុងម៉ោងចេញចូលធ្វើការ ឬពេលមានមនុស្សច្រើន គឺបណ្តាលមកពីការចតយានយន្ត (ជាពិសេសម៉ូតូ) ពុំមានរបៀបរៀបរយ ដោយពេលខ្លះបានរំលោភលើទ្រូងផ្លូវសាធារណៈ។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មេត្តាចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានត្រឹមត្រូវ ឬណែនាំដល់ម្ចាស់អាជីវករដែលតែងតែចយកចិញ្ចើមផ្លូវសាធារណៈមកធ្វើអាជីវកម្មរបស់ខ្លួន និងអ្នកមកទិញទំនិញខ្លះទៀត មិនយល់ដឹងពីការចតយានយន្តក្នុងទីតាំងដែលបានកំណត់។
បន្ថែមពីនេះ ប្រជាពលរដ្ឋស្នើសុំ ទៅខាងគណៈគ្រប់គ្រងផ្សារ និងអាជីវករ ក៏ត្រូវបានលើកទឹកចិត្តឱ្យរួមគ្នាស្វែងរកដំណោះស្រាយសមស្របក្នុងការរៀបចំចំណតសម្រាប់អតិថិជន ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈ និងសិទ្ធិរបស់អ្នកធ្វើដំណើរផងដែរ។
ជាមួយនេះ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នឹងចុះពិនិត្យ និងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីរៀបចំនូវសណ្ដាប់ធ្នាប់ ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋក៏ឱ្យមានការកកស្ទះចរាចរណ៍ទៀត៕
ដោយ៖តារា










