លោកXi Jinpingជួបសន្ទនាជាមួយលោកត្រាំប្រធានាធិបតីអាមេរិក

ចែករំលែក៖

ប្រទេសចិន ៖ រសៀលថ្ងៃទី​១៩ ខែវិច្ឆិកា ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោកត្រាំ​​ប្រធានាធិបតីអាមេរិក​ដែល​អញ្ជើញ​​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​មេដឹកនាំ​APECនៅក្រុង​Shenzhen។

លោក​ Xi Jinping​បាន​លើកឡើងថា​ ​ទំនាក់ទំនងរវាងចិននិងអាមេរិក​មាន​ស្ថិរភាព​​និង​មាន​ភាព​ល្អ​ប្រសើរ​​ជាទូទៅ ​បាន​នាំមកនូវផលប្រយោជន៍ជាក់ស្តែង​ដល់​ប្រជាជននៃប្រទេសទាំងពីរ​ ​ព្រមទាំង​ដាក់​បញ្ចូល​ស្ថិរភាព​និងភាពប្រាកដប្រជា​ដល់​ពិភពលោក។​ខ្ញុំ​រំពឹងទុកធ្វើការ​ជាមួយ​លោក​​ប្រធានាធិបតី​​ ​ដើម្បីបន្ត​ដឹកនាំ​ទិសដៅនៃ​ទំនាក់ទំនង​ចិន-អាមេរិក និង​ធានាឱ្យ​នាវាដ៏​ធំ​នេះ​បន្តដំណើរទៅមុខតាម​ផ្លូវ​នាវាចរណ៍​ដ៏ត្រឹមត្រូវ។

លោក​​បាន​បន្តទៀតថា​ ​ប្រទេសចិន​និង​អាមេរិក​គួរតែ​ពង្រីកបញ្ជី​សហប្រតិបត្តិការ​និង​កាត់​បន្ថយបញ្ជីបញ្ហា។ចំពោះបញ្ហាតៃវ៉ាន់ ​ភាគីអាមេរិក​ត្រូវ​ចៀសវាង​កុំឱ្យ​កើត​មាន​បញ្ហា​ធំ​ក្នុង​ទំនាក់ទំនងរវាងចិន​និង​អាមេរិក​​។​ភាគីទាំងពីរ​គួរ​ដោះស្រាយ​​កង្វល់​របស់​គូភាគី​ក្នុងវិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ​ខិតខំ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ​ហើយ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បង្ក្រាបគ្រឿងញៀន ​ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ឱ្យ​ត្រឡប់ទៅប្រទេស​ដើម​វិញ ​និង​ការប្រយុទ្ធ​ប្រឆាំងនឹងការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ក្រៅពីនេះ ​ត្រូវបង្ការ​ហានិភ័យ​សន្តិសុខ​ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI)​និងធានាថា ​​បញ្ញាសិប្បនិម្មិត​ត្រូវ​ស្ថិតនៅ​ក្រោមការគ្រប់គ្រង​របស់មនុស្ស​ជានិច្ច។

​ជា​ការឆ្លើយតប​ ​លោកត្រាំ​បាន​លើកឡើងថា​ ​ភាគីទាំងពីរ​គួរតែ​បន្តរក្សា​និន្នាការ​អភិវឌ្ឍន៍​នៃទំនាក់ទំនងចិន-អាមេរិកដែល​ប្រកបដោយ​ស្ថិរភាព​ ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិផល​ ​ថាមពល​និង​បញ្ញាសិប្បនិម្មិត​ជាដើម ​ដោះស្រាយ​ដោយ​យុត្តិធម៌​នូវ​កង្វល់​របស់​គូភាគី​​។​អាមេរិក​មិន​គាំទ្រ​ កម្លាំង​អបគមន៍ដែល​ចង់ឱ្យ​តៃវ៉ាន់ឯករាជ្យ​នោះទេ​។​អាមេរិកខ្លាំងក្លា​ណាស់ ​ហើយប្រទេសចិនក៏ខ្លាំងក្លា​ដែរ​។​ប្រទេសទាំងពីរគួរតែរួមគ្នាដឹកនាំ​និង​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​ពិភពលោក៕

ប្រភព ៖ (CCFR) 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print