ផ្ទះ១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈប្រើប្រាស់ជាច្រើន នៅស្រុកកំំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ទំហំ១៦ម៉ែត្រ គុណនឹង៦ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង ១៦៣០នាទីល្ងាច ថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ។

 

មន្ត្រីនគរបាលស្រុកកំពង់ត្រឡាចឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ាន យូ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

 

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រឡាច ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរ បាលស្រុក បានចុះអន្តរាគមន៍ជួយពន្លត់យ៉ាងសស្រាក់សស្រាំ ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបអាចគ្រប់គ្រង និងពន្លត់ភ្លើងឱ្យរលត់ទាំងស្រុងបាន។

 

គួរបញ្ជាក់ថា សម្ភារៈនិងទ្រព្យសម្បត្តិដែលត្រូវបានអគ្គីភ័យឆាបឆេះខូចខាតរួមមាន៖ ប្រាក់ចំនួន ៧,៨០០ ដុល្លារអាមេរិក,មាសចំនួន០៦ ជី,ម៉ាស៊ីនសាំងសម្រាប់បូមទឹកចំនួន ១០ គ្រឿង,គ្រែដេកចំនួន០៣,កង់ជិះចំនួន ០៣ គ្រឿងទូដាក់ខោអាវចំនួន ០២ ,ម៉ាស៊ីនដេរខោអាវចំនួន០២ គ្រឿង,ទូទឹកកកចំនួន១,ម៉ាស៊ីន បោក ខោអាវចំនួន ០១ , រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

 

បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច មូលហេតុដែលនាំឱ្យមានករណីអគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពី ផ្ទុះសេខ្សែភ្លើង ខណៈពុំមានរបាយការណ៍បញ្ជាក់ពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

 

សមត្ថកិច្ចមូលដ្ឋានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំង អស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត លើការ ប្រើប្រាស់ចរន្តអគ្គិសនី ការត្រួតពិនិត្យគុណភាពខ្សែភ្លើង និងឧបករណ៍ប្រើប្រាស់ ដើម្បីចៀសវាងគ្រោះថ្នាក់អគ្គីភ័យកើតឡើងជាយថាហេតុ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print