ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលនៅវេលារំលងអធ្រាត្រករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ត្រូវបានសង្ស័យថា ជាករណីស្នេហាត្រីកោណ ខណៈជនដៃដល់កំពុងរត់គេចខ្លួន។
ករណីឃាតកម្មនេះកើតឡើងនៅវេលាម៉ោង១២យប់អធ្រាត្រថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះ ត្រូវបានគេសង្ស័យថា ផ្តើមចេញពីរឿងស្នេហាត្រីកោណ (លួចស្រឡាញ់ប្រពន្ធគេ) ទើបប្តីគេតាមកាប់ រួចរត់គេចខ្លួនបាត់ ។ ជនរងគ្រោះមានឈ្មោះ អ៊ុក ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាកម្មករដាក់ទុយោទឹកស្អាត មានស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងបច្ចុប្បន្នស្នាក់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ប្រភពពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះកំពុងដើរតាមផ្លូវនៅពេលយប់ ស្រាប់តែត្រូវជនដៃដល់យកកាំបិតកាប់ប្រហារចំនួន៣កន្លែង គឺចំកញ្ចឹងក ស្មាឆ្វេង និងកែងដៃ ។ ភ្លាមៗនោះ ជនរងគ្រោះបានព្យាយាមរត់ចេញពីកន្លែងកើត ហេតុប្រមាណជិត១០០ម៉ែត្រ មកដល់មុខផ្ទះ រួចស្រែកឱ្យគេជួយ និងបានដួលសន្លប់ ។ ពេលសាច់ញាតិ និងអ្នកធ្វើការជាមួយរត់ចេញមកជួយ ក៏ឃើញជនដៃដល់ជិះម៉ូតូគេចខ្លួនទៅបាត់ ហើយពួកគេក៏បានប្រញាប់ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
អ្នកធ្វើការជាមួយជនរងគ្រោះបានបន្ថែមថា ករណីឃាតកម្មនេះគឺផ្តើមចេញពីរឿងស្នេហាត្រីកោណ ដោយជនរងគ្រោះបានលួចទាក់ទងប្រពន្ធរបស់ជនដៃដល់អស់រយៈពេលជាច្រើនខែមកហើយ ។ ជនដៃដល់មាន ឈ្មោះ វីត រស់នៅភូមិរោងម៉ាស៊ីនជាមួយគ្នា និងធ្លាប់បានព្រមានជនរងគ្រោះឱ្យឈប់ទាក់ទងប្រពន្ធរបស់ខ្លួនទៀត រហូតដល់ជនដៃដល់សម្រេចចិត្តឱ្យប្រពន្ធទៅធ្វើការនៅរាជធានីភ្នំពេញអស់រយៈពេលជិត១ខែមកហើយ ប៉ុន្តែនៅតែកើតមានអំពើឃាតកម្មនេះឡើងដដែល ។
ជុំវិញករណីនេះ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរអំបិលបានឱ្យដឹងថា ជនរងគ្រោះពិតជាត្រូវជនដៃដល់កាប់ចំនួន៣កន្លែងរងរបួសធ្ងន់ និងបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តសុភមង្គល។ ចំពោះមូលហេតុច្បាស់ លាស់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងកំពុងតាមស្វែងរកចាប់ខ្លួនជនដៃដល់ ដែលកំពុងរត់គេចខ្លួន បន្ទាប់ពីកំណត់មុខសញ្ញាបានរួចរាល់ហើយ ៕
ដោយ៖ សុរិយា










