ខេត្តកំពង់ស្ពឺ៖ ឧបករណ៍នេសាទខុសច្បាប់ មានរបាំងលូស្បៃមុង ប្រមាណជាង៧០០ម៉ែត្រ ត្រូវបានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ស្ពឺ ធ្វើការសហការជាមួយអាជ្ញាធរ និងកម្លាំងជំនាញចុះបង្ក្រាបបានចំនួន២ទីតាំង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ ដឹកនាំដោយលោក យូ សំអូន នាយរងខណ្ឌរដ្ឋបាលជលផល រួមជាមួយកម្លាំងជំនាញ បានសហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោងទង និងលោកមេភូមិបាក់ធ្មេញ ចុះបង្ក្រាប និងរុះរើឧបករណ៍នេសាទខុសច្បាប់ចំនួន ២ករណី ស្ថិតនៅចំណុចភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីមន្ទីរកសិកម្មបានបន្តទៀតថា លទ្ធផលនៃការចុះរុះរើរួមមាន៖ ករណីទី១៖ រុះរើរបាំងលូស្បៃមុង ១ខ្សែ ប្រវែង ៧១២ម៉ែត្រ (ស្មើនឹង ២មាត់) បង្គោលចម្រឹង ចំនួន១៥០ដើម និងបានលែងកូនត្រីធម្មជាតិល្អិតៗចូលទៅក្នុងដែនទឹកធម្មជាតិវិញចំនួន ៥គីឡូក្រាម។
ករណីទី២៖ រុះរើលូដាក់កាត់មុខទឹក (នៅខាងក្រោមស្ពានដែក) ចំនួន ១មាត់ ប្រវែង ១៥ម៉ែត្រ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការរុះរើ វត្ថុតាងល្មើសច្បាប់ទាំងអស់ត្រូវបានកម្លាំងជំនាញដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
មន្ត្រីមន្ទីរកសិកម្មដដែលបន្ថែមទៀតថា ក្នុងប្រតិបត្តិការចុះរុះរើនេះ លោក យូ សំអូន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បានធ្វើការដាស់តឿនដោយផ្ទាល់ដល់ប្រជានេសាទក្នុងមូលដ្ឋានថា ការប្រើប្រាស់លូស្បៃមុងដែលមានក្រឡាញឹកខ្លាំង និងការដាក់របាំងកាត់ផ្តាច់មុខទឹក គឺជាការបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះវាបានប្រមូលយកទាំងកូនត្រីតូចៗ និងត្រីមេពូជ មិនឱ្យមានឱកាសបន្តពូជបានឡើយ។ លោកបានសង្កត់ធ្ងន់ថា កម្លាំងជំនាញនឹងមិនលើកលែងចំពោះអ្នកបន្តប្រព្រឹត្តបទល្មើសនេសាទឡើយ ហើយនឹងចុះបង្ក្រាបដូចភ្លៀងរលឹម។
“ការពារធនធានជលផលថ្ងៃនេះ គឺដើម្បីសន្តិសុខស្បៀង និងជីវភាពរបស់យើងទាំងអស់គ្នានៅថ្ងៃស្អែក!”
(រួមគ្នាថែរក្សាធនធានមច្ឆជាតិ ដើម្បីកូនចៅជំនាន់ក្រោយ! បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់!)៕
ដោយ៖ សុរិយា










