ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។
ពិព័រណ៍នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ «ពិព័រណ៍ផលិតផលខ្មែរ» រៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យសហគ្រាសផលិតទាំងអស់ បានចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយដល់អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត ព្រមទាំងអ្នកប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា ព្រមទាំងបង្ហាញសក្តានុពលផលិតផលជាតិជូនដល់មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យស្គាល់កាន់តែច្បាស់ពីគុណភាពផលិតផលក្នុងស្រុក។
ការរៀបចំពិព័រណ៍នេះឡើង ក៏ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។ ជាពិសេស ក្នុងបរិបទដែលផលិតផលក្នុងស្រុកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមិនត្រឹមតែពីប្រជាជនក្នុងស្រុកនោះទេ ប៉ុន្ដែប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រ ក៏គាំទ្រផលិតផលជាតិយ៉ាងខ្លាំងខ្លាដែរ ដែលជាកម្លាំងចលករដ៏សំខាន់ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានយ៉ាងលើសលុប ព្រមទាំងចូលរួមបង្កើតការងារជូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង។
«ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ មានអ្នកចូលរួមដាក់តាំងបង្ហាញជាង ៣០០ស្ដង់ និងផលិតផលជាង ១ ០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង២៥ រាជធានី-ខេត្ត។
ពិព័រណ៍នេះ ទទួលបានការចូលរួមសហការគាំទ្រដោយ៖ ធនាគារ KB PRASAC , ក្រុមហ៊ុន OCIC , ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ ABA, ក្រុមហ៊ុនផលិតចំណីសត្វ ANT , មីសញ្ញាកងបី… ព្រមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័ននានា ដែលបានចូលរួមទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែអធិកអធម៕
ដោយ៖តារា










