កូរ៉េខាងជើងបានបង្កើនសកម្មភាពនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូ ដែលជាការត្រៀមលក្ខណសម្រាប់សាកល្បងលើកទី៦ ក្នុងឱកាសថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើងកាន់អំណាច នាថ្ងៃទី១០ខែតុលាឆ្នាំ២០១៦។
ផ្កាយរណបតាមដានរបស់កូរ៉ខាងជើងបានមើលឃើញរថយន្តដឹកទំនិញពីរគ្រឿងធំៗ នៅផ្លូវចូលរូងក្រោមដីស្ថិតនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូ Punggye Ri ជាកន្លែងដែលទើបតែសាកល្បង បរមាណូកាលពីដើមខែកញ្ញាកន្លងមក។
ជាមួយនិងសកម្មភាពខាងលើកូរ៉េខាងជើង ត្រូវបានសន្និដ្ឋានថា ជាកម្មភាពត្រៀមសាកល្បងបរមាណូជាបន្តទៀត។ តាមការសន្និដ្ឋាន កូរ៉េខាងជើង អាចនិងសាកល្បងជាថ្មីនៅថ្ងៃខួបបង្កើតបក្សពលរករកូរ៉េខាងជើង នាថ្ងៃទី១០ខែតុលាខាងមុខ។
ទីក្រុងព្យុងយ៉ាងបានព្យាយាម ពង្រួមតូចក្បាលគ្រាប់បរមាណូដើម្បីបំពាក់ទៅលើកាំជ្រួចមីស៊ីល ងាយស្រួលក្នុងការវាយប្រហារទៅលើគោលដៅនានា។ នៅពេលនេះកូរ៉េខាងជើងទទួលបានជោគជ័យនៅក្នុងការបាញ់ស៊ីស៊ីឆ្លងទ្វីបចេញពីនាវាមុជទឹក ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូបាន។
ពាក់ព័ន្ធនិងកម្មវិធីបរមាណូកូរ៉េខាងជើង ក្រុមហ៊ុនពាណិជ្ជកម្មចិនបានរងការចោទប្រកាន់ថា មានសកម្មភាពពាក់ព័ន្ធ និងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសចិនបានប្រឆាំងនិងការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្តទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ប្រទេសណាមួយដែលបានបំពាននិងត្រូវទទួលរងទណ្ឌកម្ម។ ចិននឹងសហការជាមួយបណ្តាប្រទេសដោះស្រាយស្ថានភាពដោយមានតម្លាភាព។
កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែលជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។
ក្រុមហ៊ុន Dandong Hongxiang ត្រូវបានចោទប្រកាន់ថា បានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មនេះគឺក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥ កាលពីដើមខែកញ្ញា បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Dandong Hongxiang អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបដែរ ក្នុងនោះ មាន Ma Xiaohong , Xhou Jianshu, HongJinhua និង La chuanxu ដែលមានចេតនាបំពានច្បាប់ និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី