អគ្គីភ័យរោងចក្រនៅឥណ្ឌូនេស៊ី មានមនុស្សជិត ៤០ នាក់បាត់ខ្លួន

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ និង ៣៦ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបង្អែមមួយកន្លែងនៅភាគខាងលិចទីក្រុងហ្សាកាតា។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅរោងចក្រផលិតបង្អែម Fonusa Agung Mulia ក្នុងស្រុក Serang ខេត្ត Banten ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា។ លោក Jhony E. Wangga តំណាងទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយស្រុក Serang បាននិយាយថា រថយន្តពន្លត់អគ្គីភ័យយ៉ាងហោចណាស់បីគ្រឿងត្រូវបានបញ្ជូនទៅពន្លត់អគ្គីភ័យ។
លោក Rizky Dwianto មន្ត្រីមកពីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងស្រុក បាននិយាយនៅថ្ងៃនេះថា អគ្គីភ័យនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ និងបានធ្វើឱ្យមនុស្ស ៣៦ នាក់បាត់ខ្លួន។ លោកបានបន្ថែមថា មនុស្សបួននាក់រងរបួសកំពុងត្រូវបានព្យាបាលនៅមណ្ឌលសុខភាពមួយក្បែរកន្លែងកើតហេតុ។
លោក Ahmad Andi ជាអ្នកស្រុកម្នាក់ បាននិយាយថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ៤:៣០ រសៀល បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីជាច្រើនលើក ដោយមានផ្សែងខ្មៅក្រាស់ហុយចេញពីអគារ។ រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី បានបង្ហាញថា តំបន់ធំៗនៃរោងចក្រត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង ដោយផ្នែកខ្លះនៃដំបូលបានដួលរលំ។
លោក Rizky បាននិយាយថា ភ្លើងនៅតែឆេះរាលដាលនៅក្នុងតំបន់មួយចំនួននៃរោងចក្រ ដែលរារាំងការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។ លោកបានមានប្រសាសន៍ថា “ក្រុមជួយសង្គ្រោះកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីស្វែងរកជនរងគ្រោះ និងធានាសុវត្ថិភាពរបស់កម្មករនៅកន្លែងកើតហេតុ”។ អាជ្ញាធរឥណ្ឌូនេស៊ីមិនទាន់បានប្រកាសពីមូលហេតុនៃអគ្គីភ័យនៅឡើយទេ៕

...

រូប​ថត​:CNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print