Simeone បំបែកកំណត់ត្រា Luis Aragones ក្លាយជាគ្រូបង្វឹកឈ្នះច្រើនប្រកួតបំផុតក្នុងប្រវត្តិសាស្ត្រ LaLiga ជាមួយ Atletico Madrid

ចែករំលែក៖

លោក Diego Simeone បានបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយ Atletico Madrid បន្ទាប់ពីដឹកនាំក្រុមយកឈ្នះ Getafe ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ ដើម្បីក្លាយជាគ្រូបង្វឹកដែលទទួលបានជ័យជម្នះច្រើនប្រកួតបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ LaLiga ដោយឈ្នះសរុប ៣៤៥ប្រកួត និងបំបែកកំណត់ត្រារបស់អតីតគ្រូបង្វឹក Luis Aragones។

ទោះបីជាលោក Simeone ធ្លាប់ដឹកនាំ Atletico Madrid ឱ្យទទួលបានជ័យជម្នះដ៏អស្ចារ្យជាច្រើនលើកក៏ដោយ ប៉ុន្តែជ័យជម្នះលើកនេះមានអត្ថន័យពិសេស ដោយបានធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកដែលមានកំណត់ត្រាឈ្នះប្រកួតច្រើនជាងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ។

ជ័យជម្នះលើកទី៣៤៥ របស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ កើតឡើងក្នុងការប្រកួតទី៥៦៧ របស់លោក ខណៈអតីតគ្រូបង្វឹក Atletico គឺលោក Luis Aragones ត្រូវការការប្រកួតច្រើនជាងនេះចំនួន១៨៩ប្រកួត ដើម្បីទទួលបានជ័យជម្នះ ៣៤៤លើក។

ទោះជាយ៉ាងណា ឥទ្ធិពលរបស់ Simeone លើ Atletico Madrid មិនអាចវាស់វែងត្រឹមតែតួលេខជ័យជម្នះនោះទេ។

ទោះបីជាគ្រូបង្វឹកមួយចំនួនអាចមានអត្រាជ័យជម្នះខ្ពស់ជាង ឬទទួលបានពានរង្វាន់ច្រើនជាងលោកក៏ដោយ ក៏ Simeone នៅតែមានភាពលេចធ្លោដោយសារភាពជាប់លាប់ ការដឹកនាំរយៈពេលវែង និងសមត្ថភាពឆ្លងកាត់ឧបសគ្គនៅក្នុងបាល់ទាត់កម្រិតខ្ពស់របស់អេស្ប៉ាញ។

ពានរង្វាន់ចំនួន៨ ដែល Atletico Madrid ឈ្នះក្រោមការដឹកនាំរបស់លោក គឺជាសមិទ្ធផលលើសពីការរំពឹងទុករបស់អ្នកគាំទ្រដ៏សុទិដ្ឋិនិយមបំផុតទៅទៀត នៅពេលដែលលោកចូលមកកាន់តំណែងដឹកនាំក្រុមដែលកំពុងជួបការលំបាកកាលពីជិត១៥ឆ្នាំមុន។

ទោះជាយ៉ាងណា ការបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចំនួន២លើក នៅតែជាស្នាមរបួសដ៏ធំបំផុតក្នុងអាណត្តិដឹកនាំរបស់លោក។ ការបរាជ័យទាំងពីរលើកសុទ្ធតែកើតឡើងក្រោមថ្វីជើងគូប្រជែងរួមទីក្រុង Real Madrid ដោយលើកទីមួយចាញ់ដោយការទាត់បាល់ប៉េណាល់ទី និងលើកទីពីរចាញ់ក្នុងម៉ោងបន្ថែម បន្ទាប់ពី Atletico របូតគ្រាប់បាល់តាមស្មើនៅនាទីបន្ថែមចុងក្រោយ។

ការបរាជ័យដ៏ឈឺចាប់ទាំងនេះ អាចធ្វើឱ្យគ្រូបង្វឹកជាច្រើនសម្រេចចិត្តចាកចេញពីតំណែង ប៉ុន្តែ Simeone បែរជាបន្តតស៊ូ និងត្រឡប់មកដឹកនាំក្រុមវិញដោយមិនបាត់បង់ភាពជឿជាក់ឡើយ។

រហូតមកដល់បច្ចុប្បន្ន លោកនៅតែបង្ហាញរូបភាពដដែល ដោយស្លៀកពាក់ឈុតខ្មៅ ឈរបញ្ជាការនៅតំបន់បច្ចេកទេស និងបង្ហាញអារម្មណ៍យ៉ាងសកម្មនៅតាមបន្ទាត់ទីលាន ដូចកាលពីលោកមកដល់ Atletico Madrid ក្នុងឆ្នាំ២០១១។

ក្រោយជ័យជម្នះលើ Getafe លោក Simeone បានបង្ហាញអារម្មណ៍រីករាយចំពោះកំណត់ត្រាថ្មីនេះ ដោយមានប្រសាសន៍ថា៖ «វាធ្វើឱ្យខ្ញុំមានសេចក្តីសប្បាយរីករាយ។ ជាទូទៅ ខ្ញុំមិនសូវមានរឿងច្រើនដែលធ្វើឱ្យខ្ញុំសប្បាយចិត្តនោះទេ ប៉ុន្តែកំណត់ត្រានេះកើតឡើងពីការខិតខំប្រឹងប្រែងដ៏មហិមាមួយ»។

ការរិះគន់ឥតឈប់ឈរ និងការវិវត្តនៃទម្រង់លេង

អ្វីដែលបានផ្លាស់ប្តូរយ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គឺទម្រង់លេងរបស់ Atletico Madrid។ ក្រុមរបស់ Simeone បានវិវត្តយ៉ាងច្រើន ទោះបីជាលោកនៅតែត្រូវប្រឈមមុខនឹងការរិះគន់ជាបន្តបន្ទាប់ចំពោះទម្រង់ដឹកនាំរបស់ខ្លួនក៏ដោយ។

ក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អេស្ប៉ាញ Movistar លោក Simeone បាននិយាយអំពីការរិះគន់ទាំងនោះថា៖ «បន្ទាប់មក គឺមានការរិះគន់ឥតឈប់ឈរដែលយើងតែងតែប្រឈមមុខ។ ខ្ញុំមិនសូវផ្តល់តម្លៃខ្ពស់ដល់ការរិះគន់ទាំងនោះទេ ប៉ុន្តែខ្ញុំក៏យកចិត្តទុកដាក់ស្តាប់វាដែរ»។

លោកបានបន្ថែមថា៖ «ការលើកឡើងថា យើងជាក្រុមដែលលេងបែបការពារ ដូចជាយើងចូលលេងដើម្បីការពារតែមួយមុខនោះ។ តើអ្នកអាចឈ្នះការប្រកួតចំនួន៣៤៥លើក ដោយពឹងផ្អែកតែលើការការពារបានមែនឬ? តើវាអាចទៅរួចដែរឬទេ?»។

ក្រោមការដឹកនាំរបស់ Simeone ក្រុម Atletico Madrid បានបង្កើតជំហររបស់ខ្លួនយ៉ាងរឹងមាំ ក្នុងនាមជាក្រុមខ្លាំងលំដាប់ទី៣ នៅក្នុងបាល់ទាត់អេស្ប៉ាញ ដោយអាចប្រជែង និងរំខានដល់ភាពលេចធ្លោរបស់ក្លិបយក្សពីរ គឺ Real Madrid និង Barcelona។

កំណត់ត្រាជ័យជម្នះនេះបានផ្លាស់ប្តូរពីវីរបុរសម្នាក់របស់ Atletico ទៅកាន់វីរបុរសម្នាក់ទៀត គឺពី Luis Aragones មកកាន់ Diego Simeone បន្ទាប់ពី Aragones ទទួលបានជ័យជម្នះចុងក្រោយក្នុងក្របខណ្ឌ LaLiga កាលពីឆ្នាំ២០០៤។

តាមរយៈសមិទ្ធផល និងភាពជាប់លាប់ក្នុងអាជីពរបស់លោក Simeone កំណត់ត្រាថ្មីនេះអាចនឹងបន្តឈរជាប្រវត្តិសាស្ត្ររយៈពេលយូរទៀត។

...

មិនថាកំណត់ត្រានេះនឹងត្រូវបំបែកនៅពេលណានោះទេ ឥទ្ធិពលរបស់ Diego Simeone លើ Atletico Madrid និងវិស័យបាល់ទាត់អេស្ប៉ាញ បានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែលមិនអាចលុបបំបាត់បានឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print