សារព័ត៌មានរុស្ស៊ីបានផ្សាយនៅសេចក្តីប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែនឹងកើតឡើងក្នុងពេលឆាប់ៗ។ ការប្រកាសខាងលើ ស្របពេលដែល ភាពតានតឹងកំពុងតែកើនខ្លាំងឡើង នៅមជ្ឈិមបូព៌ា ។
យោងតាមប្រភពព័ត៌មានពី Metro ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃច័ន្ទ បានស្នើច្បាប់ព្យួរកិច្ចព្រមព្រៀងទីក្រុងមូស្គូ-ក្រុងវ៉ាស៊ីនតោន ចំពោះការបោះបង់ចោល នូវលោហធាតុសម្រាប់ ផលិតអាវុធនុយក្លេអ៊ែ។
មន្ត្រីរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ជម្រកក្រោមដីត្រូវបានគេសាងសង់រួចរាល់ហើយដែលវាអាចផ្តល់លំនៅដល់មនុស្សចំនួន១២លាននាក់ ដែលនេះគឺល្មមគ្រាន់សម្រាប់ចំនួនប្រជាជននៅមូស្គូទាំងអស់។
សមាគមគ្រប់គ្រងកងទ័ព Arms Control Association បាននិយាយថា សហរដ្ឋអាមេរិកនិងរុស្ស៊ីនៅតែបន្តបញ្ជូនក្រាលគ្រាប់យុទ្ធសាស្ត្រច្រើនជាង ១.៥០០ តាមយន្តហោះទម្លាក់គ្រាប់បែក២-៣រយគ្រឿង និងគ្រាប់មីស៊ីលដែលច្រើនជាងការចាំបាច់ឆ្ងាយណាស់ ដើម្បីទប់ស្កាត់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែ ហើយម្យ៉ាងទៀតនោះ ពួកគេកំពុងតែធ្វើប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែឲ្យកាន់តែទំនើបខ្លាំងឡើង។
កន្លងមកប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយល់ថាប្រទេសនេះបានត្រៀមលក្ខណធ្វើសង្គ្រាមលោកលើកទី៣ ដោយប្រទេសនេះបានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៤ខែតុលា។
រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្ន រុស្ស៊ីលោក Vladimir Puchkov បានបញ្ជាក់ថា «អាទិភាពរបស់យើងក្នុងពេលធ្វើលំហាត់សមគឺការជម្លៀសពលរដ្ឋ ស្លូតត្រង់ចេញពីតំបន់ដែលអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត»។
លោក Vladimir Puchkov បានបញ្ជាក់ថា នៅក្នុងលំហាត់ធ្វើសមយុទ្ធដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងមន្ត្រីមូលដ្ឋានថា តើមានសហការគ្នាល្អប៉ុណ្ណា នៅពេលមានគ្រោះអាសន្នកើតឡើងក៏ដូចជាទីតាំងដែលត្រូវជម្លៀសពលរដ្ឋប្រកបដោយសុវត្ថិភាព។
ការធ្វើលំហាត់សមបែបនេះបានធ្វើឡើងជាប្រចាំនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១២ ហើយតែងតែធ្វើឡើងក្នុងអំឡុងដើមខែតុលា។
សារព័ត៌មានRT របស់រុស្ស៊ីបានផ្សាយថា ការធ្វើលំហាត់នៅមិនមានអ្វីពិសេសខុសប្រក្រតីនោះឡើយ។ ប៉ុន្តែសារព័ត៌មាន Express របស់អង់គ្លេសបានផ្សាយថា ទីក្រុងឡុងដុង និងវវ៉ាស៊ីនតោនបានយល់ឃើញថា សកម្មភាពខាងលើគឺជាសញ្ញាប្រកាសអាសន្នពីសង្គ្រាមដែលអាចកើតឡើងចំពេលអាមេរិក និងរុស្ស៊ីកំពុងប្រឈមនឹងភាពតានតឹងដោយសារការមិនចុះសម្រុងគ្នានៅក្នុងសង្គ្រាមប្រទេសស៊ីរី៕
ប្រែសម្រួល៖ ម៉ែវ សាធី