យុវតី២នាក់រងរបួសធ្ងន់ស្រាល ក្រោយជិះម៉ូតូលឿនជ្រុលបុកពីក្រោយរថយន្ត GAC កំពុងឈប់រង់ចាំភ្លើងស្តុប

ចែករំលែក៖

ភ្នំពេញ៖ យុវតី២នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលទៅបុកពីក្រោយរថយន្តម៉ាក GAC ដែលកំពុងឈប់រង់ចាំភ្លើងស្តុបយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤៖០៥នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ៨២ ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក GAC ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា CL.EL.BL បើកបរដោយស្ត្រីម្នាក់ និងមានកូនតូច២នាក់រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៨២ ក្នុងទិសដៅពីលិចទៅកើត។​ លុះមកដល់ចំណុចកើតហេតុ រថយន្តបានឈប់រង់ចាំភ្លើងស្តុប ស្រាប់តែមានយុវតី៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LO-0043 ធ្វើដំណើរមកពីក្រោយក្នុងទិសដៅស្របគ្នា ដោយប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានដឹកតាមរថយន្តកង់បីយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។​ ចំណែករថយន្ត និងម៉ូតូបានរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print