នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានប្រកាសកាលពីថ្ងៃពុធ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X ថា កុមារគ្រប់រូបនៅសហរដ្ឋអាមេរិកនឹងទទួលបានភាគហ៊ុន SpaceX ចំនួន ២ ហ៊ុន ដោយមួយហ៊ុនផ្តល់ជូនពីក្រុមហ៊ុន និងមួយហ៊ុនទៀតផ្តល់ជូនដោយរូបលោកផ្ទាល់។
មុននេះក្នុងថ្ងៃដដែល ក្រុមហ៊ុន SpaceX បានប្រកាសថា ខ្លួននឹងផ្តល់ភាគហ៊ុនថ្មីចេញពីប្រភេទភាគហ៊ុនធម្មតា Class A ចំនួនមួយហ៊ុនដល់គណនី Trump Account ទាំងអស់ដែលកំពុងមានសកម្មភាព។ ជាមួយគ្នានេះ លោក Musk ក៏នឹងផ្តល់ភាគហ៊ុនផ្ទាល់ខ្លួនរបស់លោកក្នុងចំនួនស្មើគ្នាទៅនឹងភាគហ៊ុនដែលក្រុមហ៊ុនបរិច្ចាគផងដែរ។
ទោះជាយ៉ាងណា SpaceX មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺថា ការផ្តល់ភាគហ៊ុនរបស់លោក Musk នឹងភ្ជាប់ទៅនឹងគណនី Trump Account ដែរឬទេ និងថាតើភាគហ៊ុនទាំងនោះនឹងមានលក្ខខណ្ឌហាមឃាត់ការលក់ក្នុងរយៈពេលកំណត់ (Lock-up Period) ឬយ៉ាងណានោះទេ។
កាលពីខែតុលា ប្រធានក្រុមហ៊ុន SpaceX លោកស្រី Gwynne Shotwell និងស្វាមីរបស់លោកស្រី បានសន្យាផ្តល់ភាគហ៊ុន SpaceX មួយហ៊ុនដល់កុមារម្នាក់ៗ ក្នុងចំណោមកុមារជាង ២ លាននាក់ ក្រោមគំនិតផ្តួចផ្តើម Trump Account។
ជាមួយគ្នានេះ កាលពីខែមុន លោក Musk ក៏បានប្រកាសថា លោកនឹងផ្តល់ភាគហ៊ុន SpaceX ផ្ទាល់ខ្លួនមួយហ៊ុនដល់កុមារគ្រប់រូបនៅសហរដ្ឋអាមេរិកផងដែរ។
លោក Musk ដែលជាអ្នកដឹកនាំក្រុមហ៊ុន SpaceX បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «នៅឆ្នាំក្រោយ ខ្ញុំនឹងផ្តល់ភាគហ៊ុន SpaceX មួយហ៊ុនរបស់ខ្ញុំដល់កុមារគ្រប់រូបនៅអាមេរិក។ នេះនឹងជាការចាប់ផ្តើមនៃគម្រោងជាច្រើនទៀត»។
លោកបានបន្ថែមថា៖ «ការផ្តល់ភាគហ៊ុន ដែលជាចំណែកនៃសេដ្ឋកិច្ចនាពេលអនាគត ដោយផ្ទាល់ទៅដល់ប្រជាជន គឺជាមធ្យោបាយដ៏ត្រឹមត្រូវ»៕










