ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានបំផុតនៅអាស៊ីអាគ្នេយ៍ Pham Nhat Vuong គ្រោងទិញដីនៅឥណ្ឌា ដើម្បីពង្រីកអាជីវកម្ម

ចែករំលែក៖

ក្រុមហ៊ុន Vingroup ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong កំពុងចរចាដើម្បីទទួលបានដីនៅរដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌា សម្រាប់អភិវឌ្ឍគម្រោងលំនៅឋាន សណ្ឋាគារ និងអាជីវកម្មអចលនទ្រព្យផ្សេងៗ។

 

លោក Tapan Ghosh នាយកប្រតិបត្តិក្រុមហ៊ុន VinFast Asia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup បានប្រាប់សារព័ត៌មាន The Hindu Businessline ថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយរដ្ឋាភិបាលតាមបណ្តារដ្ឋនានា ដើម្បីទទួលបានដីសម្រាប់អភិវឌ្ឍគម្រោងលំនៅឋាន សណ្ឋាគារ វិស័យបដិសណ្ឋារកិច្ច និងគម្រោងអចលនទ្រព្យផ្សេងទៀត។

 

ទោះជាយ៉ាងណា ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រធំបំផុតរបស់វៀតណាម មិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ចំពោះគម្រោង ទីតាំង និងទំហំទុនវិនិយោគសម្រាប់ការពង្រីកអាជីវកម្មនៅឥណ្ឌា។

 

ក្រុមហ៊ុនបានបញ្ជាក់ថា ការចរចាដែលលោក Ghosh បានលើកឡើង គឺជាជំហានបន្ទាប់ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលក្រុមហ៊ុនធ្លាប់បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលតាមបណ្តារដ្ឋមួយចំនួននៅឥណ្ឌា។

 

សារព័ត៌មានដដែលក៏បានដកស្រង់សម្តីលោក Pham Nhat Quan Anh ប្រធាន និងជានាយកប្រតិបត្តិសកលរបស់ VinFast ដែលបានលើកឡើងថា Vingroup អាចពង្រីកអាជីវកម្មទៅកាន់វិស័យសណ្ឋាគារ និងរមណីយដ្ឋាននៅឥណ្ឌា ហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយយកបទពិសោធន៍ពីការអភិវឌ្ឍអាជីវកម្មបដិសណ្ឋារកិច្ចរបស់ខ្លួននៅវៀតណាមមកអនុវត្ត។

 

លោក Pham Nhat Quan Anh គឺជាកូនប្រុសរបស់ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។ យោងតាមទិន្នន័យបច្ចុប្បន្នរបស់ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនប្រមាណ ៣៧,៩ ពាន់លានដុល្លារអាមេរិក។

 

Vingroup គ្រោងវិនិយោគរាប់ពាន់លានដុល្លារនៅរដ្ឋនានារបស់ឥណ្ឌា

 

កន្លងមក Vingroup បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋមួយចំនួននៅឥណ្ឌា ដើម្បីអភិវឌ្ឍគម្រោងវិនិយោគទ្រង់ទ្រាយធំ។

 

យោងតាមសារព័ត៌មាន Reuters ក្រោមកិច្ចព្រមព្រៀងទាំងនោះ ក្រុមហ៊ុនគ្រោងវិនិយោគទឹកប្រាក់ចំនួន ៦,៥ ពាន់លានដុល្លារនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា និង ៣ ពាន់លានដុល្លារនៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា។

 

ការវិនិយោគទាំងនេះផ្តោតលើការអភិវឌ្ឍទីក្រុង ការដឹកជញ្ជូនបៃតង ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធសង្គម។ គម្រោងនៅរដ្ឋទាំងពីរត្រូវបានរំពឹងថា នឹងមានផ្ទៃដីអភិវឌ្ឍន៍លើសពី ១.០០០ ហិកតាក្នុងមួយរដ្ឋ។

 

ចំណែកនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា Vingroup កំពុងស្វែងរកដៃគូសហការដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្តខ្នាតធំ ព្រមទាំងកន្លែងស្នាក់នៅលំដាប់ខ្ពស់។

 

មានរោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌារួចហើយ

 

ក្រៅពីគម្រោងអចលនទ្រព្យ និងទេសចរណ៍ ក្រុមហ៊ុន Vingroup បានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីមួយនៅរដ្ឋ Tamil Nadu រួចហើយ ដោយគម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ២ ពាន់លានដុល្លារអាមេរិក។

 

រោងចក្រនេះមានសមត្ថភាពផលិតតាមផែនការរចនាចំនួន ៥០.០០០ គ្រឿងក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនមានគម្រោងបង្កើនសមត្ថភាពផលិតដល់ ១៥០.០០០ គ្រឿងក្នុងមួយឆ្នាំ។

 

លើសពីនេះ ក្រុមហ៊ុនរបស់លោក Pham Nhat Vuong ក៏មានគម្រោងវិនិយោគបន្ថែមចំនួន ៥០០ លានដុល្លារអាមេរិក ដើម្បីពង្រីករោងចក្រផលិតរថយន្តអគ្គិសនីនេះផងដែរ។

...

 

ការពង្រីកគម្រោងទាំងនេះបង្ហាញពីផែនការរបស់ Vingroup ក្នុងការពង្រីកវត្តមានអាជីវកម្មនៅទីផ្សារឥណ្ឌា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ តាមរយៈការវិនិយោគលើវិស័យអចលនទ្រព្យ ទេសចរណ៍ ថាមពល និងយានយន្តអគ្គិសនី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print