អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសន្និសិទ្ធសារព័ត៌មាន បង្ហាញសញ្ញាអាសន្ន ដាស់តឿនថា បញ្ហាជំងឺអេដស៍ (AIDS) មិនទាន់បញ្ចប់នៅឡើយទេ និងអំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺអេដស៍

ចែករំលែក៖

ភ្នំពេញ​៖​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា​ (AIDS Healthcare Foundation – AHF) នៅថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦នេះ​ បានរៀបចំសន្និសិទ្ធ​សារព័ត៌មាន​ បង្ហាញសញ្ញាអាសន្ន ដាស់តឿនថា ​​​បញ្ហាជំងឺអេដស៍ (AIDS) មិនទាន់បញ្ចប់នៅឡើយទេ។ តាមរយៈសកម្មភាពនានាសម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ (World AIDS Day) នៅពេលខាង​មុខនេះ។ អង្គការ AHF បានអំពាវនាវដល់រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) និងថ្នាក់ដឹកនាំនានា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ឱ្យពង្រឹងការប្តេជ្ញាចិត្តឡើងវិញក្នុងការឆ្លើយតបនឹងមេរោគអេដស៍។

កម្ពុជាបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ របស់អង្គការ UNAIDS។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី និងតំណាងសង្គមស៊ីវិលបានលើកឡើងមុនទិវាអេដស៍ពិភពលោកថា ការស្វែងរកមនុស្សប្រមាណ ៤,០០០ នាក់ដែលរស់នៅជាមួយមេរោគអេដស៍ ប៉ុន្តែមិនទាន់ដឹងពីស្ថានភាពសុខភាពរបស់ខ្លួននៅឡើយនោះ នៅតែជាបញ្ហាប្រឈមដ៏ធំមួយ។

កម្ពុជាមានគោលដៅបញ្ចប់ជំងឺអេដស៍ក្នុងនាមជាបញ្ហាសុខភាពសាធារណៈនៅត្រឹមឆ្នាំ ២០២៨ ក្រោម «គោលនយោបាយជាតិស្តីពីការបញ្ចប់ជំងឺអេដស៍ និងនិរន្តរភាពនៃកម្មវិធីអេដស៍ ឆ្នាំ ២០២៣-២០២៨»។ គោលនយោបាយនេះកំណត់គោលដៅកាត់បន្ថយចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មី និងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍ ឱ្យនៅតិចជាង ២០០ នាក់ក្នុងមួយឆ្នាំៗ ព្រមទាំងលុបបំបាត់ការមាក់ងាយ និងការរើសអើងប្រឆាំងនឹងអ្នករស់នៅជាមួយមេរោគអេដស៍។

លោកវេជ្ជបណ្ឌិត ឈឹម ខិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) បានមានប្រសាសន៍ថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងមេរោគអេដស៍/ជំងឺអេដស៍នៅឆ្នាំ ២០១០ សម្រេចបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ ២០១៧ និងបន្តសម្រេចបានគោលដៅ ៩៥-៩៥-៩៥ ទៀតផង។

យោងតាមគោលដៅ ៩៥-៩៥-៩៥ គឺ៖ ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍ត្រូវតែដឹងពីស្ថានភាពសុខភាពរបស់ខ្លួន, ៩៥% នៃអ្នកដែលត្រូវបានរកឃើញថាមានមេរោគ ត្រូវតែទទួលបានការព្យាបាល និង ៩៥% នៃអ្នកដែលកំពុងទទួលការព្យាបាល ត្រូវតែអាចទប់ស្កាត់មេរោគក្នុងខ្លួនបាន (viral suppression)។

លោកវេជ្ជបណ្ឌិត ចាន់ ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជានៃអង្គការ AHF បានលើកឡើងថា កម្ពុជានៅតែជួបប្រទះបញ្ហាប្រឈមក្នុងការស្វែងរកអ្នករស់នៅជាមួយមេរោគអេដស៍ និងការធានាថាពួកគេទទួលបានការព្យាបាលជាប្រចាំ ព្រមទាំងសេវាបង្ការផ្សេងៗ។

លោកបានបញ្ជាក់ថា បុរសរួមភេទជាមួយបុរស មនុស្សឆ្លងភេទ និងអ្នកធ្វើការក្នុងសេវាកម្សាន្ត គឺជាក្រុមដែលគ្របដណ្តប់ចំនួន ៨៤% នៃករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ៩៥៨ ករណី ដែលបានកត់ត្រានៅក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត ផាន់ណា បានសង្កត់ធ្ងន់ថា ការឆ្លើយតបចំពោះមេរោគអេដស៍នៅកម្ពុជា គួរតែធ្វើឱ្យលើសពីគ្រាន់តែការពង្រីកវិសាលភាពនៃការព្យាបាលប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ថា ការឆ្លើយតបចំពោះមេរោគអេដស៍នៅកម្ពុជា មិនគួរផ្តោតតែលើការពង្រីកវិសាលភាពនៃការព្យាបាលនោះទេ។ វាត្រូវតែធានាផងដែរថា អ្នកដែលរស់នៅជាមួយមេរោគអេដស៍អាចរក្សាសុខភាពបានល្អ ទទួលបានសេវាដោយគ្មានការរើសអើង និងអាចបន្តការសិក្សា ក៏ដូចជាការងាររបស់ពួកគេបាន»។

លោកក៏បានលើកឡើងពីតម្រូវការសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាពលើការបង្ការ និងការគាំទ្រពីសហគមន៍ ជាពិសេសនៅពេលដែលការឆ្លងថ្មីនៅតែបន្តកើតមានក្នុងចំណោមយុវជន ហើយការផ្តល់មូលនិធិពីខាងក្រៅកំពុងជួបប្រទះបញ្ហាប្រឈមនានា។

លោកបានបន្តថា៖ «ដោយសារការឆ្លងថ្មីនៅតែបន្តកើតមានក្នុងចំណោមយុវជន ហើយការផ្តល់មូលនិធិពីខាងក្រៅជួបការលំបាក បញ្ហាប្រឈមដ៏សំខាន់គឺត្រូវធានាថា វឌ្ឍនភាពនៃការព្យាបាល ត្រូវអមដោយការវិនិយោគប្រកបដោយនិរន្តរភាពលើការបង្ការ ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការគាំទ្រពីសហគមន៍»។

លោកវេជ្ជបណ្ឌិត ផាន់ណា ក៏បានអំពាវនាវឱ្យមានការបង្កើនការផ្តល់មូលនិធិក្នុងស្រុក ការដាក់បញ្ចូលការថែទាំអ្នកផ្ទុកមេរោគអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈ និងការបន្តគាំទ្រដល់សកម្មភាពផ្សព្វផ្សាយដែលដឹកនាំដោយសហគមន៍ ដើម្បីលុបបំបាត់ការមាក់ងាយ និងការរើសអើង។

នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២៥ មានមនុស្សប្រហែល ៤១ លាននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ ដោយមានករណីឆ្លងថ្មីចំនួន ១,២ លាននាក់ និងការស្លាប់ពាក់ព័ន្ធនឹងជំងឺអេដស៍ចំនួន ៥៧០,០០០ នាក់។ មនុស្សប្រហែល ៥ លាននាក់មិនបានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនទេ ខណៈដែលមនុស្សជាង ៩ លាននាក់មិនបានទទួលការព្យាបាល។

លោក ជួប សុខចំរើន ប្រធានគណៈកម្មាធិការដឹកនាំនៃគណៈកម្មាធិការសម្របសម្រួលការងារអេដស៍ (HACC) បានមានប្រសាសន៍ថា អង្គការសហគមន៍នៅតែមានសារៈសំខាន់ក្នុងការឈានទៅដល់ក្រុមប្រជាជនងាយរងគ្រោះ នៅពេលដែលការផ្តល់មូលនិធិអន្តរជាតិសម្រាប់កម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍មានការថយចុះ។

លោកបានឱ្យដឹងថា HACC មានអង្គការសមាជិកចំនួន ៧៨ ប៉ុន្តែមានតែប្រហែល ២០ ប៉ុណ្ណោះដែលកំពុងធ្វើការដោយផ្ទាល់លើកម្មវិធីទាក់ទងនឹងមេរោគអេដស៍/ជំងឺអេដស៍។ ការថយចុះមូលនិធិសម្រាប់ការបង្ការ ការចុះខ្សោយនៃបណ្តាញសហគមន៍ និងការបន្តមានការមាក់ងាយ និងការរើសអើង ក៏ជាកង្វល់ដ៏សំខាន់ផងដែរ។

លោកវេជ្ជបណ្ឌិត ចាន់ ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជានៃអង្គការ AHF បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការ NAA កាលពីថ្ងៃ ចំរើន បាននិយាយថា ត្រូវការការគាំទ្របន្ថែមទៀត ដើម្បីទៅដល់មនុស្ស ៤០០០ នាក់ដែលនៅសល់ ជាពិសេសយុវជន ដែលអាចជៀសវាងការធ្វើតេស្ត ដោយសារតែការរើសអើង។

លោកស្រី ស៊ន វិចិកា តំណាងសហគមន៍ និងជាអ្នកសម្របសម្រួលសហគមន៍ស្ត្រីកម្ពុជាដែលរស់នៅជាមួយមេរោគអេដស៍ បាននិយាយថា អ្នកដែលរស់នៅជាមួយមេរោគអេដស៍ និងប្រជាជនងាយរងគ្រោះ គួរតែចូលរួមក្នុងការសម្រេចចិត្តដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។ លោកស្រីបានជំរុញឱ្យអ្នកសារព័ត៌មានរាយការណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងភាសារើសអើង ដែលអាចបំបាក់ទឹកចិត្តមនុស្សពីការស្វែងរកការធ្វើតេស្ត និងការព្យាបាល។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ បានមានប្រសាសន៍ថា ការទទួលបានការការពារ ការធ្វើតេស្ត ការព្យាបាល និងការថែទាំ ត្រូវតែនៅតែជាចំណុចកណ្តាលនៃការឆ្លើយតបរបស់ប្រទេសកម្ពុជា។ លោកបានលើកទឹកចិត្តអង្គការប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យលើកកម្ពស់ការធ្វើតេស្តមេរោគអេដស៍ ដោយសង្កត់ធ្ងន់ថា ការឆ្លងមេរោគដំបូងអាចនឹងមិនបង្កើតរោគសញ្ញាដែលអាចមើលឃើញនោះទេ។

លោកក៏បានអំពាវនាវឱ្យមានការចូលប្រើប្រាស់ស្រោមអនាម័យ និងការបង្ការមុនពេលប៉ះពាល់ (PrEP) កាន់តែទូលំទូលាយ ខណៈពេលដែលជំរុញការវិនិយោគក្នុងស្រុក និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរក្សាកម្មវិធីអេដស៍ ខណៈដែលជំនួយពីខាងក្រៅបានធ្លាក់ចុះ។ លោកបានមានប្រសាសន៍ថា ប្រទេសកម្ពុជាផ្តល់ការព្យាបាលមេរោគអេដស៍ដោយឥតគិតថ្លៃ និងពេញមួយជីវិត។

បន្ថែមពីនេះ​ លោកទេសរដ្ឋមន្ត្រី អៀង មូលី​ ក៏បានអំពាវនាវឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ជាពិសេស​យុវជនប្រសិនបើមានការសង្ស័យ​ ថាខ្លួនអាចឆ្លងមេរោគ​អេដស៍​ គួរទៅពិភាក្សាទទួលបានសេវាបង្ការ ការធ្វើតេស្ត និងការព្យាបាល ដែលផ្តល់អាទិភាពខ្ពស់បំផុតលើគោលការណ៍ «ការព្យាបាលជាវិធានការបង្ការ»

សូមជម្រាបជូនថា​ ប្រធានបទនៃទិវាអេដស៍ពិភពលោកនៅឆ្នាំនេះគឺ “ការបញ្ចប់ជំងឺអេដស៍ចាប់ផ្តើមពីការចូលប្រើប្រាស់” ជាមួយនឹងសារ “មេរោគអេដស៍/ជំងឺអេដស៍មិនទាន់ចប់ទេ”។

...

អង្គការ AHF កម្ពុជា និងដៃគូសហការ នឹងរៀបចំសកម្មភាពផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ព្រមទាំងផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍ដោយឥតគិតថ្លៃ នៅផ្សាររាត្រីភ្នំពេញ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៩ យប់ និងនៅវត្តភ្នំ នៅថ្ងៃទី ១ ខែធ្នូ ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៦ ល្ងាច។ សកម្មភាពទាំងនេះរួមមាន ការសម្តែងសិល្បៈ ការចែកស្រោមអនាម័យ ការដើរក្បួនផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ និងការធ្វើតេស្តរកមេរោគអេដស៍ផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print