ខេត្តព្រៃវែង ÷មន្ត្រីនគរបាលខេត្តព្រៃវែងបានឲ្យដឹងនៅថ្ងៃទី២៦ខែវិច្ឆិកានេះថា យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីត្រូវក្មេងទំនើង១ក្រុម តាមមកកាប់ប្រហារដោយមិនដឹងមូលហេតុ។
ករណីបង្ករបួសស្នាមនេះបានកើតឡើងកាលពីវេលាម៉ោង ២១យប់ ថ្ងៃទី២៤ វិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិតងឡងទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ចក់ សំអាត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងតាមផ្លូវ បំណងត្រឡប់ទៅផ្ទះ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងទំនើងមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូ២ គ្រឿង តាមមកពីក្រោយហើយកាប់ជនរងគ្រោះចំប្រអប់ជើងខាងឆ្វេង រយះដល់ឆ្អឹង ភ្លាមនោះជនរងគ្រោះស្ទុះរត់ចូលផ្ទះអ្នក ស្រុកស្រែកហៅឲ្យគេជួយ ទើបក្រុមក្មេងទំនើងជិះម៉ូតូបង្ហួសចេញទៅ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយធ្វើសកម្មភាពកាប់ត្រូវជនរងគ្រោះរួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូទៅកាប់ម៉ូតូគេនៅឃុំចុងអំពិល ស្រុកកញ្ច្រៀច ខូចខាតម៉ូតូ ១គ្រឿងទៀតរួចនាំគ្នាគេចខ្លូនអស់។
ទោះជាយ៉ាងណាក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ សមត្ថកិច្ចក៏ចុះស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ ឈ្មោះ អ៊ុត ឧត្តម ភេទប្រុសអាយុ១៦ឆ្នាំមានទីលំនៅក្នុងភូមិត្របែកកើត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ និងដកហូតបានវត្ថុតាងដងឆ័ត ១ដើម, ម៉ូតូ ១គ្រឿង ម៉ាក Suzuki nex ពណ៍សរ + លឿង ស្លាកលេខ ភ្នំពេញ ១ MJ ១០១២។
បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងត្រូវបានឃាត់ទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងនិតិវិធីបន្ត ហើយសមត្ថកិច្ចកំពុងតាមស្វែងរកបក្សពួកចំនួន ៣នាក់ទៀតដែលរត់គេចខ្លួន ដោយអត្តសញ្ញាណត្រូវបានស្គាល់អស់ហើយ ដោយឡែកជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ៕










