សម្តេចធិបតី៖ វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូ មិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាធុរកិច្ច និងវិនិយោគ អន្តរជាតិកម្ពុជា នៅរាជធានីភ្នំពេញ។

 

មានប្រសាសន៍ក្នុងឱកាសនោះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលបន្ត ចាត់ទុកវិស័យឯកជន ជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ និង ជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈ ការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្ម ផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និង ឧស្សាហកម្មប្រតិគមន៍ ។

 

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលម្អបន្ថែមទៀតនូវ បរិយាកាសប្រកួតប្រជែង, នយោបាយ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដោយគ្មាន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីខាងក្រៅ; ការពង្រឹងសមត្ថភាព និង គណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច, គុណាធិបតេយ្យ និង «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន និង ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព ផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និង គាំទ្រវិស័យឯកជន ។

 

សម្តេចធិបតី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវ

 

បរិយាកាសវិនិយោគ និង ធុរកិច្ច តាមរយៈ ការកែលម្អក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យអនុវត្តនូវ ច្បាប់ស្តីពីវិនិយោគ ក្នុងឆ្នាំ២០២១; ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាធុរកិច្ច និង វិនិយោគ ដោយបាន ពង្រឹងយន្តការច្រកចេញចូលតែមួយ, ប្រព័ន្ធបញ្ជរតែមួយជាតិ និង សេវាគាំទ្រ ថែទាំវិនិយោគ, ព្រមទាំង បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមផ្ទាលបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធគ្រប់គ្រងគម្រោង វិនិយោគកម្ពុជា, និងយន្តការសហបង្កើតធុរកិច្ច (Business Co-Creation); ការជំរុញការតភ្ជាប់សេដ្ឋកិច្ច និង ការធ្វើពិពិធកម្មទីផ្សារ ដោយបានពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និង សកល, និង កែលម្អប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្លឹក; និង ការលើកកម្ពស់វិនិយោគបៃតង និង ឌីជីថល ដោយបានជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និង បច្ចេកវិទ្យាស្អាត, លើកកម្ពស់សេដ្ឋកិច្ចចក្រា, ការគ្រប់គ្រងសំណល់ និង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព, និង លើកទឹកចិត្តឱ្យមានការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ, បច្ចេកវិទ្យាឌីជីថល, សន្តិសុខសាយប័រ និង សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់ តាមរយៈ ការកសាងមូលដ្ឋានឧស្សាហកម្មដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និង ភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់, និង លើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក ។ ដើម្បីសម្រេចមហិច្ឆតានេះ, រាជរដ្ឋាភិបាលនឹងលើកកម្ពស់ ការវិនិយោគដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ និង បង្កើតការងារដែលមានផលិតភាពកាន់តែខ្លាំង, បង្កើន ពិពិធកម្មមុខទំនិញនាំចេញ និង មិស្សភាពនៃសេដ្ឋកិច្ច(Mixed Economy), ពង្រឹងការតភ្ជាប់ និង ការធ្វើ មូលដ្ឋានូបនីយកម្មឧស្សាហកម្ម, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និង ទន់, ពង្រឹងការអភិវឌ្ឍជំនាញ បច្ចេកវិទ្យា និង ទីផ្សារការងារ, និង បង្កើនហិរញ្ញប្បទានសមស្រប ដោយផ្តោតលើឧស្សាហកម្មសំខាន់ៗ មួយចំនួន រួមមាន៖ កសិ-ចំណីអាហារ, យានយន្ត, អេឡិចត្រូនិក, កង់ និង គ្រឿងបង្គំ, គ្រឿងសង្ហារិម ឈើ Veneer និង ផលិតផលធ្វើពីឈើ, បច្ចេកវិទ្យាឌីជីថល និង ថាមពលបៃតង, ហេដ្ឋារចនាសម្ព័ន្ធ និង ភស្តុភារកម្ម, វាយនភណ្ឌ និង កាត់ដេរ និង ទេសចរណ៍។

 

មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិស័យឯកជន, ធុរជន និងវិនិយោគិន ទាំងអស់ ប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ដែលកម្ពុជាជាសមាជិក, ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណរដ្ឋ ប្រជាមានិតចិន, សាធារណរដ្ឋកូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក ក៏ដូចជាក្រោមក្របខណ្ឌពហុភាគីនៅ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទាំងនេះនឹងរួមចំណែកក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ដោយរលូន, បរិយាបន្ន និងចីរភាព។

...

 

ជាទីបញ្ចប់, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលកម្ពុជា មិនទាន់ចាកចេញពី ក្រុមប្រទេសអភិវឌ្ឍតិចតួច ថា កម្ពុជាសម្រេចជ្រើសរើសយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី» ពោល គឺកម្ពុជា ចង់ឱ្យការចាកចេញ ហើយមានភាពរឹងមាំខាងសេដ្ឋកិច្ច។ សម្តេចធិបតី បានបន្តថា កម្ពុជា បានបំពេញលក្ខខណ្ឌទាំង៣ របស់ អង្គការសហប្រជាតិ រួចរាល់ហើយ ប៉ុន្តែកម្ពុជា សុខចិត្តពន្យារពេលក្នុងការចាកចេញដើម្បីធានាថា កម្ពុជា មានភាពធន់គ្រប់គ្រាន់ និងត្រៀមខ្លួនបានល្អក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ព្រោះការចាកចេញ ពីប្រទេសអភិវឌ្ឍតិចតួច នឹងនាំមកទាំងបញ្ហាប្រឈម និងឱកាស ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print