ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីរាជការជាច្រើនរូប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ CARNIVAL LUMINOSA (Bahamas) ដែលបានចូលចតធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេលមួយថ្ងៃ នៅកំពង់ផែស្វយ័តក្រុង/ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។
សូមជម្រាបជូនថា នាវាទេសចរណ៍ CARNIVAL LUMINOSA មានបណ្តោយប្រវែង ២៩៤ ម៉ែត្រទទឹង៣២,២៥ម៉ែត្រ និងជម្រៅទឹក៨,២៥ម៉ែត្រ។ នាវានេះ បានចាកចេញពីប្រទេសថៃ មកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយនាវានេះ គ្រោងនឹងចាកចេញពីដែនទឹកកម្ពុជា ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី នៅវេលាម៉ោង១៨:០០នាទីល្ងាចថ្ងៃដដែល ។
ភ្ញៀវទេសចរដែលធ្វើដំណើតាមនាវា CARNIVAL LUMINOSA មានចំនួន ១,៧៦៨នាក់ (ស្រី១,០៤២នាក់) និងមាន២៣សញ្ជាតិ មកពីតំបន់អឺរ៉ុប ។ ក្នុងនោះសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺភ្ញៀវទេសចរជនជាតិអាមេរិក (USA) ចំនួន ១,៤៦៣នាក់ (ស្រី៨៦០នាក់) ។ មាននាវិកសរុបចំនួន៩៨០នាក់ (ស្រី២៦៣នាក់) មាន៤៨សញ្ជាតិ ។
នៅក្នុងឱកាសនៃការចូលចតនាវាខាងលើនេះ ភ្ញៀវទេសចរបន្តដំណើរកម្សាន្តតាមរមណីយដ្ឋានតាមតំបន់ឆ្នេរនៅក្នុងក្រុងព្រះសីហនុ និងភូមិនេសាទ (ទំនប់រលក) ទៅកាន់ខេត្ត សៀមរាប មានចំនួន៣នាក់ ស្រី១នាក់, ស្មើនឹង៣សញ្ជាតិ និងភ្ញៀវមកពីខេត្តសៀមរាប ដើម្បីឡើងនាវាបន្តដំណើរមានចំនួន២នាក់ ស្រី១នាក់ ស្មើនឹង២សញ្ជាតិ ។
ក្នុងឱកាសទទួលស្វាគមន៍នោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញឡើងពិនិត្យ និងទស្សនកិច្ចលើនាវាទេសចរណ៍ដ៏ប្រណីតនេះ ព្រមទាំងបានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេរនៃភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយធនធានធម្មជាតិ និងឆ្នេរខ្សាច់សស្អាតពីធម្មជាតិ ក្នុងចំណោមបណ្តាខេត្តជាប់ឆ្នេរទាំង៤របស់កម្ពុជា ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលបានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍មួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ហើយកម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាតំបន់វិនិយោគប្រកបដោយភាពទាក់ទាញនាពេលបច្ចុប្បន្នផងដែរ នៅក្នុងឱកាសទស្សនៈកិច្ចនៅលើនាវាដ៍ប្រណីតខាងលើ ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ក្រមាជាស្នាដៃកូនខ្មែររំលេចជាយរូបទង់ជាតិប្រាសាទកំពូលប្រាំអត្តសញ្ញាណជាតិខ្មែរ និងរូបសឹង្ហមួយគូតំណាងឱ្យខេត្តព្រះសីហនុ ៕
ដោយ៖តារា










